កម្ពុជាប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីរបស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីរបស់ថៃ

កម្ពុជាប្រឆាំងដាច់ខាតចំពោះការចុះបញ្ជីប្រាសាទខ្មែរក្នុងបញ្ជីរបស់ថៃ


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធទាំងស្រុងចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃ ដែលបានចុះបញ្ជីបណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបុរាណស្ថាននានាតាមបណ្តោយព្រំដែន ទៅក្នុងបញ្ជីជាតិរបស់ខ្លួន។
 
ក្រសួងបានបញ្ជាក់ថា សកម្មភាពរបស់ភាគីថៃនេះ គឺជាទង្វើខុសច្បាប់ទាំងស្រុង ដែលត្រូវចាត់ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គឺគ្មានមូលដ្ឋានស្របច្បាប់ទេ ហើយក៏មិនអាចប្រើប្រាស់ជាភស្តុតាងដើម្បីអះអាងពីអធិបតេយ្យភាពទឹកដី ឬសម្រាប់កំណត់ព្រំដែនបានដែរ។
 
ក្រសួងវប្បធម៌បានសង្កត់ធ្ងន់ថា រាល់បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវតែដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ផែនការមេឆ្នាំ២០០៣ និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន JBC នៃភាគីទាំងពីរ។
 
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថា ជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយជាការរំលោភលើបូរណភាពទឹកដី និងបំផ្លាញស្មារតីនៃការគោរពគ្នាទៅវិញទៅមក។
 
ក្រសួង បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃឱ្យលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងឡាយដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជានៅតែបន្តរក្សាជំហរប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់បញ្ហាសេសសល់តាមរយៈផ្លូវការទូត និងការគោរពពេញលេញតាមច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និងផលប្រយោជន៍នៃប្រទេសទាំងពីរ៕ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា