អាមេរិក ឈប់លក់អាវុធឲ្យតៃវ៉ាន់ រក្សាស្តុកទុកសម្រាប់សង្គ្រាមអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ឈប់លក់អាវុធឲ្យតៃវ៉ាន់ រក្សាស្តុកទុកសម្រាប់សង្គ្រាមអ៊ីរ៉ង់

អាមេរិក ឈប់លក់អាវុធឲ្យតៃវ៉ាន់ រក្សាស្តុកទុកសម្រាប់សង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ មេទ័ពជើងទឹកអាមេរិក បានប្រកាសថា គម្រោងលក់សព្វាវុធឲ្យកោះតៃវ៉ាន់ ត្រូវបានផ្អាកវិញ ដោយលើកហេតុផលថា ទីក្រុង វ៉ាស៊ីនតោន ត្រូវរក្សាស្តុកទុកគ្រឿងសឹកទាំងអស់នេះ យកទៅធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់។

Advertisement

បើតាម Aljazeera, ការប្តូរចិត្តឈប់លក់វិញនេះ បានធ្វើឡើង នៅប៉ុន្មានខែ បន្ទាប់ពី លោក Donald Trump បានប្រកាស ពីការត្រៀមលក់កញ្ចប់សព្វាវុធឲ្យតៃវ៉ាន់ ក្នុងតម្លៃជាង ១១ ពាន់លានដុល្លារ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្ថិសាស្ត្រ ហើយក៏កើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ ទើបតែបញ្ចប់ដំណើរទស្សកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន។

ថ្លែងអំឡុងការសួរដេញដោល នៅក្នុងសវនាការសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍, លោក Hung Cao មេបញ្ជាការស្តីទី កងទ័ពជើងទឹកអាមេរិក
បញ្ជាក់ថា ការផ្អាកនេះ គឺ ដើម្បីធានាថា យោធាទីក្រុងវ៉ាស៊ីនតោនមានអាវុធគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការ តទល់នឹងទីក្រុងតេហេរ៉ង់។

លោក Hung Cao រៀបរាប់ថា «ឥឡូវនេះ យើងកំពុងធ្វើការ ដើម្បីផ្អាកលក់សិន ក្នុងបំណងធ្វើឲ្យប្រាកដថា យើងមានអាវុធពេញលេញ សម្រាប់ប្រតិបត្តិការយោធា Epic Fury ដែលត្រូវចំណាយច្រើន»។

យ៉ាងណា លោក Hung Cao បញ្ជាក់ថា ការលក់សម្ភារៈយោធា ឲ្យទៅបរទេសនឹងបន្តឡើងវិញ ប្រសិនបើ អាមេរិក ប្រាកដច្បាស់ថា ក្នុងប្រតិបត្តិការយោធាទៅលើប្រទេសអ៊ីរ៉ង់, អាមេរិកត្រូវតែមានអាវុធគ្រប់គ្រាន់ក្នុងដៃជាមុនសិន ហើយរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនយល់ថា ការលក់អាវុធទាំងនេះ គឺជាការចាំបាច់ ទើបអាចផ្គត់ផ្គង់បាន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និង មន្ទីរបញ្ចកោណ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើការលើកឡើង របស់មេទ័ពជើងទឹកអាមេរិក រូបនេះ នៅឡើយនោះទេ។

បើតាម CNA, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មួយរយៈចុងក្រោយនេះ មិនបានប្ដេជ្ញាចិត្តធ្វើតាមការសន្យាលក់ ដូចកាលពីមុន នោះឡើយ។ ជាក់ស្តែង នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន នាពេលថ្មីៗនេះ លោក Trump និយាយថា លោកត្រូវពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping អំពីការលក់អាវុធឲ្យតៃវ៉ាន់។ ការណ៍នេះ គឺខុសនឹងការទទូចពីមុនរបស់ក្រុងវ៉ាស៊ីនតោន ដែលតែង​អះអាងថា ខ្លួននឹងមិនពិគ្រោះ ជាមួយទីក្រុងប៉េកាំង លើបញ្ហានេះឡើយ។

យ៉ាងណា​ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅចិន កាលពីសប្តាហ៍មុន, លោក Trump បាននិយាយថា លោកមិនបានធ្វើការសន្យាអ្វី ចំពោះមុខលោក Xi Jinping អំពីរឿងកោះតៃវ៉ាន់នោះទេ។

បើទោះសហរដ្ឋអាមេរិក ប្រកាន់គោលការណ៍ចិនតែមួយក៏ពិតមែន ប៉ុន្តែ នៅក្រោមច្បាប់ក្នុងស្រុក, អាមេរិកតម្រូវឱ្យផ្តល់អាវុធសម្រាប់ការពារកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ខណៈដែល ចិនតែងចាត់ទុក តៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន៕

ប្រភពពី CNA, Aljazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា