បាត់ដំបងទាក់ទាញភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ ខណៈត្រៀមបើកពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាត់ដំបងទាក់ទាញភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ ខណៈត្រៀមបើកពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ

បាត់ដំបងទាក់ទាញភ្ញៀវទេសចរជិត២៨ម៉ឺននាក់ក្នុងឆមាសទី១ ខណៈត្រៀមបើកពិព័រណ៍ផ្លែឈើរយៈពេល១០ថ្ងៃ

ភ្នំពេញ៖ត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២៨ម៉ឺននាក់។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានមន្ត្រីជំនាញអះអាងថា កើតចេញពីភាពទាក់ទាញនៃតំបន់ទេសចរណ៍កែច្នៃថ្មីៗ និងការ​ត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់។

Advertisement

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងក្នុងឆមាសទី១ ឆ្នាំនេះ ខេត្តដ៏មានសក្តានុពលមួយនេះ ស្រូប​ទាញ​ភ្ញៀវទេសចរបានសរុបប្រមាណជិត ២៨ម៉ឺននាក់ ក្នុងនោះមានទេសចរអន្តរជាតិជាង ១៦.០០០ពាន់នាក់។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន AMS ថា វត្តមានភ្ញៀវទេសចរមានការ​កើន​ឡើងយ៉ាងខ្លាំង ជាពិសេសក្នុង «រដូវកាលបៃតង» នេះ។ កត្តាដែលធ្វើឱ្យទេសចរសម្រុកទៅកម្សាន្ត ដោយសារតែចំពេល​រដូវប្រមូលផលកសិផលល្បីៗ ដូចជា ទុរេនស្រុកសំឡូត រួមផ្សំនឹងអាកាសធាតុអំណោយផលត្រជាក់ស្រទុំ និងទេសភាពធម្មជាតិ​ខៀវស្រងាត់។

កាន់តែពិសេសជាងនេះទៅទៀត ដើម្បីអបអររដូវកាលផ្លែឈើ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ផ្លែ​ឈើឆ្នាំ២០២៦» មានរយៈពេលរហូតដល់ ១០ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដាឆាប់ៗនេះ។ ជាការរៀប​ចំមានរយៈ​ពេល​យូរជាងឆ្នាំមុន ក្នុងហេតុផលដើម្បីបើកឱកាសឱ្យភ្ញៀវទេសចរបានទៅកម្សាន្ត និងភ្លក្សរសជាតិផ្លែឈើធម្មជាតិប្រចាំ​ខេត្តបាត់ដំបងកាន់​តែច្រើន។

ក្រៅពីព្រឹត្តិការណ៍ចំពោះមុខ ខេត្តបាត់ដំបងក៏កំពុងមមាញឹកអភិវឌ្ឍក្រុងឱ្យកាន់តែទាក់ទាញ។ នៅក្នុងក្រុង អាជ្ញាធរបាន​រៀបចំសួនច្បារបៃតង សួនសិល្បៈ និងគ្រោងបង្កើត «ផ្លូវដើរកម្សាន្តស្ទឹងសង្កែ (Sangkae Walking Street)» នាពេល​ឆាប់ៗនេះ ដោយភ្ជាប់ទៅកាន់តំបន់សំណង់អភិរក្ស និងស្ពានឆ្លងស្ទឹងសង្កែ ដើម្បីបង្កើនភាពទាក់ទាញ។ ដោយឡែកនៅក្រៅក្រុង ដូចជានៅតំបន់ភ្នំសំពៅ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំទីតាំងទស្សនាហ្វូងប្រជៀវហើរចេញពីល្អាង​ឱ្យកាន់តែ​មានរបៀបរៀបរយ។

ទោះបីជាមានកំណើនភ្ញៀវទេសចរយ៉ាងណាក្តី មន្រ្តីមន្ទីរទេសចរណ៍ខេត្តបានគូសបញ្ជាក់ថា តម្លៃសេវាកម្មស្នាក់នៅ និងម្ហូប​អាហារនៅក្នុងខេត្តមិនមានការឡើងថ្លៃឡើយ។ ភាពជោគជ័យនេះ កើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងអាជ្ញាធរ និងប្រតិបត្តិករទេសចរណ៍ក្នុងមូលដ្ឋាន ដែលបានបង្ហាញជំនាញបដិសណ្ឋារកិច្ចខ្ពស់ ធ្វើឱ្យភ្ញៀវទេសចរមកលេងហើយ ចង់ត្រឡប់មកម្តងទៀត៕


ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា