ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត

ក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿងសម្រាប់អន្តរាគមន៍គ្រោះរាំងស្ងួត

 ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមរួចជាស្រេចនូវម៉ាស៊ីនបូមទឹកជាង ៥០០ គ្រឿង សម្រាប់ការអន្តរាគមន៍​ជួយ​សង្គ្រោះតំបន់ប្រឈមនឹងការខ្វះខាតទឹក ដោយសារឥទ្ធិពលបាតុភូត អែល នីញូ(El Niño )ដែលកំពុងធ្វើឱ្យកម្ពុជា​ឡើងកម្ដៅ​ខ្លាំង និងអូសបន្លាយពេលយូរជាងធម្មតា។

ដោយមានកិច្ចសហការជាមួយអង្គការឧតុនិយមពិភពលោក (WMO),ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែន​ការ​បម្រុងទុករួចជាស្រេច ដើម្បីអន្តរាគមន៍សង្គ្រោះតំបន់ដែលប្រឈមនឹងការខ្វះខាតទឹក ឆ្លើយតបទៅ​នឹងការប្រែប្រួលធាតុ​អាកាស និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត អែល នីញូ (El Niño)។

ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់កាលពីចុងសប្តាហ៍ថា តាមការស្រាវជ្រាវរបស់ក្រុម​ការងារ​បច្ចេកទេស ឥទ្ធិពល El Niño ឆ្នាំនេះបានធ្វើឱ្យសីតុណ្ហភាពនៅកម្ពុជាកើនឡើងរហូតដល់ ២ អង្សាសេ លើសពីកម្រិត​ធម្មតាប្រចាំឆ្នាំ ហើយរលកកម្ដៅនេះនឹងអូសបន្លាយពេលយូរជាងរាល់ឆ្នាំគឺចាប់ពី ១ ខែ ទៅ ១ ខែកន្លះ។

ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេចនូវម៉ាស៊ីនបូមទឹកថ្នាក់ក្រសួងចំនួន ១១៥ គ្រឿង ដើម្បីឆ្លើយតបបញ្ញាចំពោះមុខ និងការពារ​ហានិភ័យនូវនានា។បន្ថែមពីនេះ ក៏មានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តចំនួនជាង ៤០០ គ្រឿងផ្សេងទៀត ដែលត្រូវ​បានជួសជុល និងរៀបចំរួចរាល់ សម្រាប់ចេញអន្តរាគមន៍ភ្លាមៗផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីរដ្ឋមន្រ្តី ក៏បានណែនាំ និងស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសន្សំសំចៃទឹក​ឱ្យបានខ្ពស់បំផុត ដោយសារឥទ្ធិពល El Niño មានរយៈពេលយូរ ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក ការដាំដុះកសិកម្ម សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។

Advertisement

ឯកឧត្តមបញ្ជាក់ថា ឥទ្ធិពលនេះគឺវែងអន្លាយជាងប្រក្រតី ដែលធ្វើឱ្យប៉ះពាល់ទៅដល់ការខ្វះខាតទឹក ប៉ះពាល់ទៅដល់ដំណាំ​កសិកម្ម ធ្វើឱ្យមានបញ្ហាដល់សុខភាព មានបញ្ហាទៅដល់សង្គមទាំងមូល។

លើសពីនេះទៀត ក្រសួងធនធានទឹក ជំរុញឱ្យពលរដ្ឋតាមដានសារ SMS ប្រកាសអាសន្នរបស់ក្រសួង ដែលនឹងផ្ញើសារតាម​ទូរសព្ទដៃ​ទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់ដែលមានហានិភ័យខ្ពស់ និងដំឡើង App របស់ក្រសួងលើកម្មវិធីទូរសព្ទដើម្បីតាម​ដានការព្យាករធាតុអាកាស កម្ពស់ទឹក ល្បឿនខ្យល់ សីតុណ្ហភាព និងព័ត៌មានបច្ចុប្បន្នភាពផ្សេងៗ។

សូមបញ្ជាក់ថា ឥទ្ធិពល El Niño បណ្ដាលឱ្យធាតុអាកាសប្រែប្រួលខុសប្រក្រតី ដោយតំបន់ខ្លះជន់លិច ហើយតំបន់ខ្លះទៀតរាំង​ស្ងួត។ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយោគយល់ចំពោះការលំបាកនេះ និងចូលរួមសហការជា​មួយ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយបញ្ហានេះ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា