យន្តការដោះស្រាយវិវាទដែនសមុទ្រ​ចាប់ផ្តើមចេញដំណើរ តាមការផ្តួចផ្តើមរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តការដោះស្រាយវិវាទដែនសមុទ្រ​ចាប់ផ្តើមចេញដំណើរ តាមការផ្តួចផ្តើមរបស់កម្ពុជា

យន្តការដោះស្រាយវិវាទដែនសមុទ្រ​ចាប់ផ្តើមចេញដំណើរ តាមការផ្តួចផ្តើមរបស់កម្ពុជា

យន្តការដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ កំពុងឈានចូលដល់ដំណាក់កាលថ្មី តាមរយៈការតែងតាំងអ្នកច្បាប់ និងអ្នកការទូតជាន់ខ្ពស់អូស្ត្រាលី លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS។ ទោះថៃចង់ ឬមិនចង់ ពេលនេះយន្តការផ្សះផ្សាអន្តរជាតិចាប់ផ្តើម​ចេញដំណើរហើយ តាមការផ្តួចផ្តើមរបស់កម្ពុជា។

ការបោះជំហានពីការចរចាទ្វេភាគីដែលជាប់គាំងអស់រយៈពេល២៥ឆ្នាំ ទៅកាន់ដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS គឺជាដំណាក់កាលដ៏សំខាន់សម្រាប់កម្ពុជា និងថៃ ក្នុងការស្វែងរកដំណោះស្រាយចំពោះវិវាទដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ។

ការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ ដោយសារលោកស្រីមានបទពិសោធន៍ក្នុងវិស័យច្បាប់អន្តរជាតិ និងការទូត ព្រមទាំងធ្លាប់ចូលរួមក្នុងដំណើរការចរចា និងផ្សះផ្សាពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រឡេស្តេ។

បទពិសោធន៍ និងជំនាញរបស់ប្រធានគណៈកម្មការថ្មី ត្រូវបានរំពឹងថានឹងអាចជួយធានាឱ្យដំណើរការផ្សះផ្សាប្រព្រឹត្តទៅដោយវិជ្ជាជីវៈ និងអព្យាក្រឹតភាព ដោយឈរលើគោលការណ៍ច្បាប់សមុទ្រអន្តរជាតិ។ ​ក្នុងន័យនេះ កម្ពុជាបានប្រកាសស្វាគមន៍ចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន «គណៈកម្មការផ្សះផ្សា»។ 

កម្ពុជាចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការដោះស្រាយការខ្វែងគំនិតគ្នារវាងកម្ពុជា និងថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រ និងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។

យោងតាមលោកជំទាវ ដានី ច័ន្ទ្ររស្មីឈូករ័ត្ន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ក្រោយការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា របៀបវារៈបន្ទាប់គឺការកំណត់វិធាននីតិវិធី និងសមត្ថកិច្ចផ្លូវច្បាប់។ អ្នកច្បាប់រូបនេះរំពឹងថា កិច្ចប្រជុំពិនិត្យលើវិធាននីតិវិធីអាចនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ មុននឹងឈានដល់ដំណាក់កាលផ្សះផ្សា ដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានឱ្យដឹងថា ការដោះស្រាយវិវាទដែនសមុទ្រកម្ពុជា-ថៃ ត្រូវយកគំរូតាមករណីប្រទេសអូស្ត្រាលី និងទីម័រខាងកើត ដែលត្រូវប្រើរយៈពេលក្នុងការដោះស្រាយយ៉ាងហោចណាស់ ២ឆ្នាំ។ ក្នុងចន្លោះពេលនេះ គណៈកម្មការនឹងប្រជុំវាយតម្លៃ ព្រមទាំងចេញរបាយការណ៍ និងអនុសាសន៍ជាបន្តបន្ទាប់។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ រំពឹងថា ភាគីទាំងពីរ កម្ពុជា-ថៃ នឹងទទួលយកលទ្ធផលនៃដំណើរការផ្សះផ្សាដោយក្រុមអ្នកជំនាញអន្តរជាតិទាំង ៥រូប ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតសន្ធិសញ្ញាសមុទ្រប្រវត្តិសាស្ត្រមួយ ដែលនាំមកនូវសន្តិភាព និងវិបុលភាពរួមសម្រាប់ប្រជាជាតិជិតខាងទាំងពីរ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា