ក្រុមហ៊ុនក្នុងស្រុកមួយប្រកាសទិញស្រូវពីកសិករ ដើម្បីជួយរក្សាស្ថេរភាពតម្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនក្នុងស្រុកមួយប្រកាសទិញស្រូវពីកសិករ ដើម្បីជួយរក្សាស្ថេរភាពតម្លៃ

ក្រុមហ៊ុនក្នុងស្រុកមួយប្រកាសទិញស្រូវពីកសិករ ដើម្បីជួយរក្សាស្ថេរភាពតម្លៃ

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) បានចាប់ផ្តើមទិញស្រូវពីកសិករ តាមកិច្ចសន្យាជាមួយក្រុមអ្នកផលិតស្រូវ ដែលបានចុះហត្ថលេខានៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម ​(ARDB) នាពេលកន្លង​ទៅថ្មីៗនេះ។
 
ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន គឺផ្តោតលើខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។ ក្រុមហ៊ុនបញ្ជាក់ថា ការអនុវត្តកិច្ចសន្យាកសិកម្មនេះ បានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់កសិករ ព្រោះមានទីផ្សារ និងមានការរៀបចំការប្រមូលទិញបានទាន់ពេលវេលា។ ជាងនេះទៅទៀត វាជួយកាត់បន្ថយការព្រួយបារម្ភរបស់កសិករនៅពេលប្រមូលផល និងជំរុញឱ្យកសិករបន្តផលិតស្រូវប្រកបដោយគុណភាព។
 
លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីម​ផត អិចផត ខូ អិលធីឌី មានសមត្ថភាពជួយទិញស្រូវពីកសិករប្រមាណជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ។ លោកឧកញ៉ាអះអាងថា ការរួមចំណែកជួយទិញស្រូវពីកសិករនេះ ជាផ្នែកមួយជួយទប់ស្កាត់អស្ថេរភាពតម្លៃស្រូវ។
 
 
លោកឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់បន្ថែមប្រាប់បណ្ដាញព័ត៌មាន AMS ថាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាជួយទិញស្រូវសើមពីកសិករប្រមាណពី ៧ទៅ៨លានតោនក្នុងមួយឆ្នាំ ខណៈនៅសល់ប្រមាណ ៦ទៅ៧លានតោនប្រទេសជិតខាងជាអ្នកទិញ។
 
ចំណែកឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការទិញស្រូវពីកសិករតាមកិច្ចសន្យារបស់ក្រុមហ៊ុន ​គឺជារឿងល្អ ដែលក្រសួងបាន និងកំពុងជំរុញ ដើម្បីធានាទីផ្សារតម្លៃស្រូវឲ្យសមរម្យ។
 
កម្ពុជាបានទទួលចំណូល៤១៥លានដុល្លារអាមេរិកពីការនាំចេញអង្ករជាង ៧០ម៉ឺនតោន នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។​ ទទ្ទឹមគ្នានេះផងដែរ កម្ពុជាក៏បាននាំចេញស្រូវជាង ៣លានតោន ទៅកាន់ប្រទេសជិតខាង ជាមួយទំហំទឹកប្រាក់ជាង ៦៦៥លានដុល្លាអាមេរិក៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា