កម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការ ផ្សះផ្សា UNCLOS នៅសិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការ ផ្សះផ្សា UNCLOS នៅសិង្ហបុរី

កម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការ ផ្សះផ្សា UNCLOS នៅសិង្ហបុរី

កម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាតំបន់ សមុទ្រទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នៅថ្ងៃទី១៤ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី។

តាមរបៀបវារៈផ្លូវការនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែកញ្ញានេះ ដែល​ជាថ្ងៃដំបូងនៃកិច្ចប្រជុំមិនទាន់ត្រូវ​បាន​បញ្ចេញនៅឡើយទេ តែទោះជាយ៉ាងណាដោយផ្អែកលើគំរូធ្លាប់អនុវត្ត​រវាង​អូស្រ្តាលី និងទីម័រខាងកើត កិច្ចប្រជុំបិទទ្វារនេះនឹងចាប់ផ្តើមដោយការ ថ្លែងការណ៍របស់ភាគីទាំងពីរ។

មន្ត្រីក្រសួងការបរទេសបានឱ្យដឹងថា ជំនួបដំបូងនឹងពិនិត្យ លើការតែងតាំងសមាជិកគណៈកម្មការទាំង ៥រូប រួមមា​ន តំណាងកម្ពុជា ២រូប តំណាងថៃ ២រូប និងប្រធាន ១រូប ដែល ត្រូវចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនៅថ្ងៃនេះ មុននឹង​បន្តពិភាក្សាអំពីនីតិវិធីការងារ ដើម្បីរៀបចំរបាយការណ៍ អនុសាសន៍ចុងក្រោយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា កិច្ចប្រជុំនេះ​រៀបចំឡើងក្រោម​ឧបសម្ព័ន្ធ​ទី៥ នៃអនុសញ្ញា UNCLOS បន្ទាប់ពីមានការប្រកាសពីតុលាការ អចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម (PCA)។ សម្រាប់បេសកកម្មនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស ធ្វើជាភ្នាក់ងារតំណាងកម្ពុជា ដឹកនាំគណៈ​ប្រតិភូ និងក្រុមអ្នកច្បាប់អន្តរជាតិ ដោយមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជា ភ្នាក់ងាររង។ ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកកិច្ច ប្រជុំនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨ ព្រឹក។

សូមជម្រាបថា នីតិវិធីក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS ពុំមានអំណាចចេញសាលក្រមបង្ខំឡើយ ប៉ុន្តែមានតួនាទី​សម្របសម្រួលជួយភាគីទាំងពីរឱ្យឈានទៅរកកិច្ចព្រមព្រៀងរួម។

ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចបាន ដំណោះស្រាយដោយយុត្តិធម៌ នឹងបើកផ្លូវឱ្យមានការ​អភិវឌ្ឍ​រួមគ្នានៅតំបន់ត្រួតស៊ីគ្នា ដែលជាប្រភពថាមពលប្រេង និង ឧស្ម័នដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ ជាមួយគ្នានេះ នីតិវិធីនេះគឺ​ផ្តោត​តែ​លើតំបន់សមុទ្រត្រួតស៊ីគ្នាតែប៉ុណ្ណោះ ដោយដាច់ដោយ ឡែកស្រឡះពីបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ ហើយមិន ពាក់ព័ន្ធនឹងការកំណត់អធិបតេយ្យភាពតាមបណ្តោយព្រំដែនគោកឡើយ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា