អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តនៅសៀមរាប និងកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការអគ្គិសនីបន្ទាន់

អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការអនុស្ថានីយចល័ត (Mobile Substation) ចំនួន២កន្លែង នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ និងពង្រឹងសមត្ថភាព ព្រមទាំងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ដែលមានតម្រូវការកើនឡើង។

ការដាក់ឱ្យដំណើរការនេះបានធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុស្ថានីយចល័តទី២ តង់ស្យុង ១១៥/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយសៀមរាបខាងត្បូង ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកអនុស្ថានីយចល័តទី១ តង់ស្យុង ២៣០/២២ គីឡូវ៉ុល អានុភាព ៣០ MVA ត្រូវបានដាក់ឱ្យដំណើរការនៅអនុស្ថានីយបារាយណ៍ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សម្រាប់អនុស្ថានីយចល័តនៅសៀមរាបខាងត្បូង វានឹងក្លាយជាប្រភពផ្គត់ផ្គង់អគ្គិសនីថ្មីមួយ ដែលស្ថិតនៅជិតកណ្តាលក្រុងសៀមរាប។ ការដាក់ឱ្យដំណើរការអនុស្ថានីយនេះ នឹងជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងកាត់បន្ថយការបាត់បង់ថាមពល ដោយកាត់បន្ថយចម្ងាយបញ្ជូនអគ្គិសនី បើធៀបនឹងការផ្គត់ផ្គង់ពីប្រភពដែលមានចម្ងាយឆ្ងាយពីទីរួមខេត្ត។

អនុស្ថានីយចល័តនេះ ត្រូវបានប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈអនុស្ថានីយអចិន្ត្រៃយ៍នៅតំបន់នេះកំពុងស្ថិតក្នុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។

ដោយឡែក នៅខេត្តកំពង់ធំ អនុស្ថានីយចល័តទី១ នៅបារាយណ៍ នឹងក្លាយជាប្រភពផ្គត់ផ្គង់អគ្គិសនីថ្មីសម្រាប់ប្រជាពលរដ្ឋ រោងចក្រ ឧស្សាហកម្ម-កសិកម្មនៅទីនោះ និងតំបន់ជុំវិញ ដែលពីមុនត្រូវយកប្រភពពីអនុស្ថានីយកំពង់ធំ ដែលមានចម្ងាយ ៥០km សម្រាប់ស្រុកបារាយណ៍ និងស្រុកតាំងគោក ហើយប្រមាណ១០០km សម្រាប់ស្រុកសន្ទុក ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម។

បើតាមអគ្គិសនីកម្ពុជា អនុស្ថានីយបារាយណ៍អចិន្ត្រៃយ៍គ្រោងនឹងសាងសង់នៅប្រមាណ ៤ឆ្នាំទៀត ដោយប្រើប្រាស់ឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ដូច្នេះ នៅពេលអនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ទាំងពីរខាងលើនេះសាងសង់រួចរាល់ អគ្គិសនីកម្ពុជានឹងបង្វែរអនុស្ថានីយចល័តទៅប្រើនៅកន្លែងផ្សេងដែលមានតម្រូវបន្ទុកកើនឡើងខ្លាំង ឬសម្រាប់ជំនួសអនុស្ថានីយដែលមានស្រាប់នៅពេលមានបញ្ហា។

សូមរម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២៦ អគ្គីសនីកម្ពុជា ក៏បានដាក់ឱ្យដំណើរការអនុស្ថានីយចល័តដាក់លើរថយន្តធំ តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជានៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្ម៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា