ការចុះបញ្ជីដី និងចេញបណ្ណកម្មសិទ្ធិ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី បានបិទបញ្ចប់ដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចុះបញ្ជីដី និងចេញបណ្ណកម្មសិទ្ធិ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី បានបិទបញ្ចប់ដោយជោគជ័យ

ការចុះបញ្ជីដី និងចេញបណ្ណកម្មសិទ្ធិ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី បានបិទបញ្ចប់ដោយជោគជ័យ

ការងារចុះបញ្ជីដីធ្លីទូទាំងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបញ្ចប់ជាផ្លូវការ ដោយសម្រេចបានជោគជ័យទាំងស្រុងលើការចេញបណ្ណកម្មសិទ្ធិ និងការដោះស្រាយបញ្ចប់រាល់បញ្ហាទំនាស់ដីធ្លីនៅក្នុងតំបន់ទាំងនោះ ។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់ ក្នុងក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ និងថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបាន ចូលរួមសហការយ៉ាងសកម្មក្នុងកិច្ចការវាស់វែង និងចុះបញ្ជីដីធ្លីនៅទូទាំងខេត្តបន្ទាយមានជ័យ រហូតជំរុញឱ្យការងារដ៏មានសារៈសំខាន់នេះសម្រេចបានជោគជ័យតាមផែនការកំណត់។

ឯកឧត្តម បានបន្ថែមថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ ក៏មិនអាចខ្វះបានពីការចូលរួមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ពិសេសមេឃុំ មេភូមិ ដែលជាកម្លាំងស្នូលស្គាល់ច្បាស់ពីសុខទុក្ខ និងប្រវត្តិដីធ្លីរបស់ប្រជាពលរដ្ឋ ។ ការទទួលស្គាល់សិទ្ធិ និងការចុះបញ្ជីទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ គឺទាមទារឱ្យមានការផ្ទៀងផ្ទាត់ និងការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធទើបធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុគឺជា «ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាពលរដ្ឋ» ដែលធានាផ្ដល់នូវសិទ្ធិអំណាចពេញលេញក្នុងការកាន់កាប់ ប្រើប្រាស់ និងចាត់ចែងលើអចលនវត្ថុរបស់ខ្លួន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ស៊ីជម្រៅ ដោយបាននាំយកបច្ចេកវិទ្យាទំនើបៗ ដូចជាការប្រើប្រាស់ដ្រូន និងបរិក្ខារវាស់វែងទំនើបមកប្រើប្រាស់ ដែលជួយឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈច្បាស់លាស់ ប្រកបដោយតម្លាភាព និងមានល្បឿនលឿនជាងមុន ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ្ឌនិងស្រុកមង្គលបូរីនាពេលនេះរួច កិច្ចការបន្តគឺអាជ្ញាធរដែនដីនិងមន្ទីរត្រូវរៀបចំទីក្រុង ទីប្រជុំជននេះឱ្យបានស្អាតបាត ដើម្បីបង្កើនគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពន្លឿនការចុះបញ្ជីដីនិងដោះស្រាយរាល់បញ្ហាដីធ្លីសេសសល់ នៅតាមមូលដ្ឋានផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធានាបានការរស់នៅប្រកបដោយភាពកក់ក្តៅ សុវត្ថិភាពផ្លូវច្បាប់ និងសុភមង្គលគ្រួសារ។

សូមបញ្ជាក់ថា មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបញ្ចប់នៅក្រុងសិរីសោភ័ណចំនួន ១៣ ១៥១បណ្ណ និងស្រុកមង្គលបូរី ចំនួន ៥ ១៥៩បណ្ណ ៕


អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា