មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃ ព្រហស្បតិ៍ ថា មូលនិធិរបស់សហភាពអឺរ៉ុប ដែលគ្រោងបែងចែកថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន ក្រោមក្របខណ្ឌកញ្ចប់ថវិការយៈពេល ៧ឆ្នាំបន្ទាប់ នឹងផ្តល់ហិរញ្ញប្បទានដល់ការបន្តសង្គ្រាម ជាជាងការស្វែងរកសន្តិភាព។
ការអះអាងរបស់រុស្ស៊ីនេះត្រូវបានធ្វើឡើង ធ្វើឡើងស្របពេលដែលមេដឹកនាំអឺរ៉ុបកំពុងបើកកិច្ចប្រជុំកំពូលពិភាក្សាលើកញ្ចប់ថវិកា ៧ ឆ្នាំបន្ទាប់ ពោលគឺឆ្នាំ២០២៨–២០៣៤ និងសំណើប្រាក់កម្ចីថ្មីសម្រាប់ជួយដល់អ៊ុយក្រែន។
បើតាម Anadolu, អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបញ្ជាក់ថា អឺរ៉ុបកំពុងរៀបចំបែងចែកថវិកាដ៏ច្រើនសន្ធឹកសន្ធាប់មួយទៀតសម្រាប់ការបន្តសង្គ្រាម… នេះមិនមែនជាថវិកាសម្រាប់សន្តិភាពទេ។
លោក Peskov បានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទានពីអឺរ៉ុបនឹងធ្វើឱ្យអ៊ុយក្រែន កាន់តែមានឆន្ទៈតិចតួច ក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយកាន់តែមានទំនោរបន្តការប្រយុទ្ធ ដែលធ្វើឱ្យពលរដ្ឋអ៊ុយក្រែន និងអឺរ៉ុបរងផលប៉ះពាល់។
លោក Peskov បាននិយាយបែបផ្លែផ្កាថា ការបង្កើនមូលនិធិសម្រាប់អ៊ុយក្រែន មានន័យថា អ្នកបង់ពន្ធនៅក្នុងប្រទេសធំៗដូចជា បារាំង អ៊ីតាលី និងអាល្លឺម៉ង់ នឹងត្រូវបាត់បង់ធនធានសម្រាប់បំពេញតម្រូវការក្នុងស្រុក ដើម្បីយកលុយទៅទិញគ្រាប់រំសេវជំនួសវិញ។
បើតាម The Guardian, នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអឺរ៉ុបកំពុងពិភាក្សាលើការផ្តល់ប្រាក់កម្ចីបន្ថែមជាង ៤៩ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ។
ក្នុងនោះជាង ២៧ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និងជិត ២២ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច ព្រមទាំងការបញ្ចូលកញ្ចប់ថវិការជាង ១០៩ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែននៅក្នុងផែនការថវិកាឆ្នាំ២០២៨–២០៣៤ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី និងរក្សាដំណើរការសេវាសាធារណៈ។
សំណើផ្តល់មូលនិធិនេះ កំពុងជួបការជំទាស់ពីប្រទេសសមាជិកមួយចំនួន ដូចជា ហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប៊ុលហ្គារី ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានព្រមានថា នឹងរារាំងការអនុម័តកញ្ចប់ថវិការបស់អឺរ៉ុប ប្រសិនបើគ្មានការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់សមាជិកក្នុងការជួយអ៊ុយក្រែន៕
ប្រភព ៖ Anadolu និង The Guardian ប្រែសម្រួល ៖ ឈឹម ទីណា
























