ការនាំចេញឡានអគ្គិសនី ចិន កើនឡើង ១៤០ ភាគរយ ចំពេលប្រេងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញឡានអគ្គិសនី ចិន កើនឡើង ១៤០ ភាគរយ ចំពេលប្រេងឡើងថ្លៃ

ការនាំចេញឡានអគ្គិសនី ចិន កើនឡើង ១៤០ ភាគរយ ចំពេលប្រេងឡើងថ្លៃ

ប៉េកាំង ៖ ការនាំចេញឡានអគ្គិសនី ព្រមទាំង រថយន្តកូនកាត់ Hybrids របស់ចិនកាលពីខែមីនា បានកើនឡើង ១៤០ ភាគរយ ចំពេលសង្គ្រាមអ៊ីរ៉ង់ កំពុងរុញដោលតម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក កើនឡើងយ៉ាងគំហុក ។ នេះបើតាមការប្រកាសរបស់សមាគមរថយន្តដឹកអ្នកដំណើរចិន ហៅកាត់ PCA កាលពីថ្ងៃព្រហស្បតិ៍ ។

Advertisement

បើតាមរបាយការណ៍សមាគម PCA, កាលពីខែមុន មានការនាំចេញរថយន្តសរុប ចំនួន ៣៤ ម៉ឺន ៩ ពាន់គ្រឿង ដែលជាការកើនឡើង ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។

របាយការណ៍ដដែលបញ្ជាក់ថា BYD ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ធំបំផុត របស់ពិភពលោក មានចំនួនប្រហែល មួយភាគបី នៃការនាំចេញសរុប ខណៈដែលក្រុមហ៊ុន Geely Automobile ជាអ្នកនាំចេញធំ លំដាប់ទី ២ និងក្រុមហ៊ុន Chery Automobile ជាប់ចំណាត់ថ្នាក់ ទី ៣ ។

បើតាម Anadolu, ការកើនឡើង យ៉ាងខ្លាំងបែបនេះ គឺដោយសារតែតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ខ្លាំង ដោយបានលើកទឹកចិត្តអ្នកទិញ ជាពិសេស នៅទូទាំងអាស៊ី ឱ្យងាកទៅរករថយន្តអគ្គិសនី និង រថយន្តកូនកាត់ Hybrids ដើម្បីកាត់បន្ថយចំណាយ លើតម្លៃប្រេងសាំងកំពុងឡើងថ្លៃខ្លាំង ព្រោះតែ សង្គ្រាមមជ្ឈិមបូព៌ា។

យ៉ាងណា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrids នៅក្នុងប្រទេសចិនសម្រាប់ខែមីនា បែរជាធ្លាក់ចុះទៅវិញ ។ ការលក់យានយន្តអគ្គិសនី និង រថយន្តកូនកាត់ ក្នុងស្រុក កាលពីខែមុន មានចំនួន ៨៤ ម៉ឺន ៨ ពាន់គ្រឿងប៉ុណ្ណោះ ពោលធ្លាក់ចុះ ១៤ % បើបៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយ ក៏ជាការធ្លាក់ចុះ ៣ខែ ជាប់ៗគ្នា ផងដែរ ។

សមាគមរថយន្តដឹកអ្នកដំណើរ ចិន បានឲ្យដឹងថា ការធ្លាក់ចុះ បីខែដំបូង នៃ ឆ្នាំ២០២៦នេះ ក៏បង្ហាញពីការធ្លាក់ចុះ ប្រចាំត្រីមាស ជាលើកដំបូង នៃ វិស័យរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrids របស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០២០ មក ។ បើតាម សមាគមដដែល, ការលក់ក្នុងស្រុក របស់ BYD ធ្លាក់ចុះជាង ៤០ % ដោយសារតែ តម្រូវការ ក្នុងស្រុក មានភាពទន់ខ្សោយ ៕

ប្រភព Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា