អាមេរិក និងកូរ៉េខាងត្បូង ចរចាផ្លូវការលើកដំបូង ផ្តោតសំខាន់លើផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងកូរ៉េខាងត្បូង ចរចាផ្លូវការលើកដំបូង ផ្តោតសំខាន់លើផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ

អាមេរិក និងកូរ៉េខាងត្បូង ចរចាផ្លូវការលើកដំបូង ផ្តោតសំខាន់លើផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ

សេអ៊ូល ៖ អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ បានចាប់ផ្តើមបើកកិច្ចចរចាផ្លូវការជាលើកដំបូង នៅទីក្រុងសេអ៊ូល ដែលផ្តោតសំខាន់លើការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការប្តេជ្ញាចិត្តវិនិយោគរហូតដល់ ៣៥០ ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ។
 
កិច្ចពិភាក្សាចំនួនពីរថ្ងៃនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទី១កូរ៉េខាងត្បូង លោក Park Yoon-joo និងអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Allison Hooker ។
 
ហើយការចរចាផ្លូវការនេះដែរ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមលើសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងអំឡុងជំនួបកំពូលកាលពីខែតុលា ឆ្នាំ២០២៥ ។
 
បើតាម Korea Times, របៀបវារៈកំពូលនៃកិច្ចប្រជុំនេះ គឺជជែកពីមហិច្ឆតារបស់កូរ៉េខាងត្បូង ដែលមានគោលបំណងដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ។
 
នាវាមុជទឹកជំនាន់ថ្មីនេះ នឹងត្រូវរចនា អភិវឌ្ឍ និងសាងសង់នៅកូរ៉េខាងត្បូងផ្ទាល់ ដោយទាញយកសក្តានុពលពីក្រុមហ៊ុនផលិតនាវាយក្សក្នុងស្រុក ដូចជា Hanwha Ocean ជាដើម ។
 
បន្ថែមលើនេះ ភាគីទាំងពីរក៏នឹងពិភាក្សាលើការកែសម្រួលលក្ខខណ្ឌ ដើម្បីអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតទាប ក្រោម ២០% និងកែច្នៃឥន្ធនៈប្រើប្រាស់រួច សម្រាប់បម្រើឱ្យវិស័យនាវាមុជទឹក ក្នុងគោលបំណងសន្តិភាព និងការពារជាតិ ដោយមិនបង្កើតអាវុធនុយក្លេអ៊ែរឡើយ ។
 
យោងតាម BBC, ក្នុងចំណោមលុយវិនិយោគ ៣៥០ ពាន់លានដុល្លារ កូរ៉េខាងត្បូងនឹងបែងចែក ២០០ ពាន់លានដុល្លារ លើវិស័យបន្ទះឈីប និងបច្ចេកវិទ្យា ខណៈ ១៥០ ពាន់លានដុល្លារទៀត ចាក់បញ្ចូលទៅក្នុងកិច្ចសហប្រតិបត្តិការសាងសង់នាវា ។
 
ជាថ្នូរនឹងការវិនិយោគលុយដ៏ច្រើនសម្បើមនេះ អាមេរិកយល់ព្រមកាត់បន្ថយពន្ធលើទំនិញនាំចូលពីកូរ៉េខាងត្បូង ពី ២៥% មកនៅត្រឹម ១៥% ៕
 
ប្រភព ៖ Korea Times និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា