លោក ត្រាំ ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីផ្ទុះអាវុធដាក់គ្នាជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីផ្ទុះអាវុធដាក់គ្នាជាថ្មី

លោក ត្រាំ ប្រកាសបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីផ្ទុះអាវុធដាក់គ្នាជាថ្មី

អង់ការ៉ា ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃពុធនេះថា បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានឈានដល់ទីបញ្ចប់ហើយ ពោលគឺបន្ទាប់ពីប្រទេសទាំងពីរ បានបើកការវាយប្រហារដាក់គ្នា ទៅវិញទៅមកឡើងវិញ។

Advertisement

ថ្លែងក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅប្រទេសតួកគី, លោក ដូណាល់ ត្រាំ បានលើកឡើងថា «ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលា ដោះស្រាយជាមួយពួកគេទៀតទេ ព្រោះពួកគេគឺជាមនុស្សអាក្រក់ និង ភូតកុហក»។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ និយាយថា ក្រុមអ្នកចរចាអាចបន្តនិយាយគ្នាបាន ប៉ុន្តែ សម្រាប់រូបលោក ការធ្វើដូច្នេះ គឺជាការចំណាយពេល ដោយឥតប្រយោជន៍។

ការប្រកាសបញ្ចប់បទឈប់បាញ់នេះ បានធ្វើឡើង បន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិកបាននិយាយ កាលពីយប់ថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទៅលើគោលដៅ អ៊ីរ៉ង់ ជាង៨០កន្លែង រួមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម ជាង ៦០គ្រឿង។

ជាការឆ្លើយតប អ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅ វាយប្រហារលើទីតាំងយោធាអាមេរិកនានា នៅក្នុងប្រទេស បារ៉ែន និង កូវ៉ែត។

ការវាយប្រហាររបស់អាមេរិក បានកើតឡើង បន្ទាប់ពីការវាយប្រហារ កាលពីដើមសប្តាហ៍ លើនាវាដឹកប្រេងចំនួន បីគ្រឿង នៅច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់មិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារនេះទេ។

ជាមួយគ្នានេះ ប្រធានអង្គការ ណាតូ លោក Mark Rutte និយាយប្រាប់លោក ដូណាល់ ត្រាំ បង្ហាញពីការគាំទ្រឲ្យអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ដោយលោកបញ្ជាក់ថា អ្វីដែលទីក្រុងវ៉ាស៊ីនតោនធ្វើនេះ គឺជារឿងចាំបាច់បំផុត ព្រោះថា អ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់ ជាមូលដ្ឋាន។

យ៉ាងណាមិញ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ មានប្រសាសន៍ថា សហរដ្ឋអាមេរិកទេ ដែលជាអ្នកបានរំលោភលើបទឈប់បាញ់។

បើតាម BBC, កាលពីខែមុន ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ចំនួន ១៤ចំណុច ដែលមានគោលបំណងពង្រីកបទឈប់បាញ់បន្ថែមទៀត និងបញ្ចប់ជម្លោះ នៅគ្រប់ទីកន្លែង រួមទាំងនៅប្រទេសលីបង់ ដែលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេបូឡាស៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា