សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

សម្តេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាពេលខាងមុខ ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដោយចាត់ទុកថា ជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឆ្នាំ២០២៦នេះ កម្ពុជា និងរុស្ស៊ីប្រារព្វខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សម្តេចតេជោ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងកម្ពុជា-រុស្ស៊ី និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី។

ជាមួយគ្នានេះ សម្តេចតេជោបានស្វាគមន៍ការពិភាក្សារបស់លោក Andrey Rudenko ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តោតលើ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយចាត់ទុកថា វិស័យទាំងនេះគឺជាសសរស្តម្ភសំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

សម្ដេចតេជោបានរំលឹកអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសគឺការរួមចំណែករបស់សម្ដេចផ្ទាល់ តាំងពីសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដោយបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការជាមួយមេដឹកនាំរុស្ស៊ីជាច្រើនកន្លងមក។ សម្តេចតេជោបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់ ជាពិសេសក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស។

ចំណុចសំខាន់មួយទៀតក្នុងជំនួបនេះ គឺ ការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ី។ លោក Andrey Rudenko បានបញ្ជាក់ថា ថ្នាក់ដឹកនាំរុស្ស៊ី រួមទាំងលោកប្រធានាធិបតី Vladimir Putin កំពុងរង់ចាំដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលឆាប់ៗខាងមុខ។

យោងតាមលោក ជា ធីរិទ្ធ សម្ដេចតេជោបានបញ្ជាក់ថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី។ ទន្ទឹមនេះ កម្ពុជាក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ។ បច្ចុប្បន្ន ប្រធានគណបក្សរុស្ស៊ីរួបរួម គឺលោកអតីតប្រធានាធិបតី Dmitry Medvedev។ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខនេះ នឹងក្លាយជាកម្លាំងចលករជំរុញដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា