រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត

រុស្ស៊ី ថា វត្តមានកងទ័ពណាតូនៅ អ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ នៅថ្ងៃ អង្គារ និយាយថា ប្រទេសរុស្ស៊ីចាត់ទុកវត្តមានកងកម្លាំងយោធាអង្គការណាតូនៅលើទឹកដីរបស់ប្រទេសអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃ ចន្ទ និងបង្ហាញពីផែនការរៀបចំកងកម្លាំងចម្រុះជាតិសាសន៍ ដើម្បីបញ្ជូនទៅឈរជើងនៅអ៊ុយក្រែន នៅពេលមានកិច្ចព្រមព្រៀងឈប់បាញ់ណាមួយកើតឡើង ។

ជាការឆ្លើយតប លោក បេសកូវ និយាយថា រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហររបស់ខ្លួននៅកម្រិតផ្សេងៗគ្នាថា ការដាក់ពង្រាយកងកម្លាំងយោធាបរទេសមកពីរដ្ឋសមាជិកណាតូនៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាតសម្រាប់ទីក្រុងមូស្គូ ។

លោក បេសកូវ អះអាងថា ផែនការរបស់ក្រុមសម្ព័ន្ធភាពគាំទ្រអ៊ុយក្រែន គឺជាបញ្ហាដ៏សំខាន់មួយ និងជាប្រធានបទដ៏ធំបំផុត ហើយវាមិនមែនជាលើកដំបូងទេ ដែលចេតនាដាក់ពង្រាយអង្គភាពយោធាពីរដ្ឋជាសមាជិកណាតូនៅលើទឹកដីអ៊ុយក្រែនត្រូវបានពិភាក្សា ។ ដូច្នេះ រុស្ស៊ីចាំបាច់ត្រូវតែចាត់វិធានការ ដើម្បីធានាសន្តិសុខប្រទេសរបស់ខ្លួន ក៏ដូចជាទប់ទល់នឹងគោលជំហរអរិភាពរបស់លោកខាងលិច ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះសង្កត់ធ្ងន់ថា រុស្ស៊ីមានទំនុកចិត្តលើជ័យជម្នះរបស់ខ្លួន ជាមួយនឹងការបន្តសកម្មភាពយោធាដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាឈានឆ្ពោះទៅរកសន្តិភាព ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លះ គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុបចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា