តៃវ៉ាន់ បញ្ចេញសំណាញ់មេឃជំនាន់ថ្មី ទប់ទល់មីស៊ីលលឿនជាងសំឡេង ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ បញ្ចេញសំណាញ់មេឃជំនាន់ថ្មី ទប់ទល់មីស៊ីលលឿនជាងសំឡេង ចិន

តៃវ៉ាន់ បញ្ចេញសំណាញ់មេឃជំនាន់ថ្មី ទប់ទល់មីស៊ីលលឿនជាងសំឡេង ចិន

តៃប៉ិ ៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ដែលជាអ្នកអភិវឌ្ឍអាវុធឈានមុខគេរបស់តៃវ៉ាន់ បានបញ្ចេញសំណាញ់មេឃជំនាន់ថ្មីមានឈ្មោះ Chiang Kung ឬហៅថា ប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង Strong Bow ដើម្បីទប់ទល់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរបស់ប្រទេសចិន ។

ការបញ្ចេញសំណាញ់មេឃ Strong Bow នេះ ធ្វើឡើងមានគោលបំណងជំរុញឱ្យសភាតៃវ៉ាន់អនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១,១៣ ពាន់លានដុល្លារ សម្រាប់យកទៅផលិតទ្រង់ទ្រាយធំ សំដៅបង្កើនសមត្ថភាពការពារដែនអាកាសឆ្លើយតបសម្ពាធយោធាខ្លាំងឡើងរបស់មហាយក្សចិន ។

បើតាម South China Morning Post, ក្រសួងការពារជាតិតៃវ៉ាន់មានគម្រោងប្រើប្រាស់កញ្ចប់ថវិកានេះ យកទៅផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង Strong Bow ចំនួន ២ គ្រឿង និងគ្រាប់មីស៊ីលស្ទាក់ចាប់ចំនួន ១២៨ គ្រាប់ ។

ទន្ទឹមគ្នា អ្នកជំនាញយោធាព្រមានថា ការពន្យារពេលផ្តល់មូលនិធិនេះ នឹងប៉ះពាល់ដល់ការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់តៃវ៉ាន់ ខណៈពេលដែលប្រទេសចិនកំពុងពង្រីកឃ្លាំងមីស៊ីលផ្លោង និងកាំជ្រួចល្បឿនលឿនជាងសំឡេងរបស់ខ្លួនយ៉ាងលឿន ។

យោងតាម Interesting engineering, មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធ Strong Bow អាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងលើសពី ១០ដង ជាមួយនឹងសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ១,៥០០គីឡូម៉ែត្រ ។

វាអាចស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោងយុទ្ធសាស្រ្តរបស់សត្រូវនៅរយៈកម្ពស់ចាប់ពី ៧០គីឡូម៉ែត្រឡើងទៅ ពោលខ្ពស់ជាងមីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធខែលការពារដែនអាកាស Tien Kung III បច្ចុប្បន្នរបស់កោះតៃវ៉ាន់ ។

សំណាញ់មេឃ Strong Bow ត្រូវបានគេដំឡើងលើរថយន្តចល័ត ដោយរថយន្តនីមួយៗអាចផ្ទុកបំពង់បាញ់មីស៊ីលបានចំនួន ៤ គ្រាប់ ។

ចំណុចពិសេសរបស់វា គឺរចនាឡើងបំពាក់ដោយរ៉ាដាស្កែនអេឡិចត្រូនិចសកម្ម ហៅកាត់ (AESA) ដែលអាចកំណត់ និងតាមដានគោលដៅមីស៊ីលផ្លោងជាច្រើនក្នុងពេលតែមួយ និងអាចស្ទាប់ចាប់ក្នុងចម្ងាយជិត ១,០០០ គីឡូម៉ែត្រ ។

សំណាញ់មេឃ Strong Bow ត្រូវបានគេរំពឹងថា នឹងក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់របស់កោះតៃវ៉ាន់ ដែលបង្កើតឡើងជាពិសេស ដើម្បីទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលផ្លោង និងកាំជ្រួចល្បឿនលឿនរបស់កងទ័ពចិន នៅក្នុងសេរីយ៉ូផ្ទុះជម្លោះនាពេលអនាគត ៕

ប្រភព ៖ South China Morning Post និង Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា