លោក Zelensky បញ្ជាយោធាឱ្យបាញ់ដ្រូនមួយថ្ងៃចំនួន ១,០០០ គ្រឿងវាយលុក រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky បញ្ជាយោធាឱ្យបាញ់ដ្រូនមួយថ្ងៃចំនួន ១,០០០ គ្រឿងវាយលុក រុស្ស៊ី

លោក Zelensky បញ្ជាយោធាឱ្យបាញ់ដ្រូនមួយថ្ងៃចំនួន ១,០០០ គ្រឿងវាយលុក រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ឱ្យបាន ១,០០០គ្រឿងក្នុងមួយថ្ងៃ ។

បើតាម Aljazeera, មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងកាលពីថ្ងៃ សុក្រ ថា លោកបានបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារដោយយន្តហោះដ្រូនយ៉ាងហោចណាស់ ១,០០០គ្រឿងប្រឆាំងនឹងរុស្ស៊ីជារៀងរាល់ថ្ងៃ ។

តួលេខនេះ កើនឡើងជាង៣ដង បើធៀបនឹងការវាយប្រហារដោយយន្តហោះដ្រូនបច្ចុប្បន្នមានចំនួនតែ ៣០០គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះ ។

ដើម្បីសម្រេចឱ្យបានគោលដៅបាញ់ដ្រូន ១,០០០គ្រឿងក្នុងមួយថ្ងៃនេះ លោក ហ្សេលេនស្គី បានបញ្ជាឱ្យកងទ័ព និងក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ពន្លឿនការផលិតយន្តហោះដ្រូនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ។

ប្រភពឱ្យដឹងថា ក្រៅពីពន្លឿនផលិតដ្រូនប្រយុទ្ធ អ៊ុយក្រែនក៏កំពុងបង្កើនសន្ទុះផលិតដ្រូនស្ទាក់ចាប់ផងដែរ ដើម្បីកម្ទេចដ្រូនអត្តឃាតអាប់ដេតថ្មី Shahed របស់រុស្ស៊ី ។

យោងតាម RBC-Ukraine, យុទ្ធសាស្ត្របង្កើនការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ធ្វើឡើងមានគោលបំណងកាត់ផ្តាច់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ភស្តុភារ និងរោងចក្រផលិតអាវុធរបស់រុស្ស៊ី ។

ជាក់ស្តែង ការវាយប្រហារកន្លងមក បានធ្វើឱ្យការផលិត និងការនាំចេញប្រេងសាំងរបស់រុស្ស៊ីដាំក្បាលចុះយ៉ាងគំហុក រហូតដល់ថ្នាក់ត្រូវបង្ខំចិត្តនាំចូលប្រេងសាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។

គួរបញ្ជាក់ថា យន្តហោះដ្រូនបានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង ជាពិសេសវាបានដើរតួនាទីយ៉ាងសកម្មចាប់តាំងពីការវាយប្រហារនៅសមរភូមិជួរមុខ រហូតដល់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ភាគីទាំងពីរ ។

មកទល់ពេលនេះ ភ្លើងជម្លោះរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ ដែលឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពរបស់រុស្ស៊ីចូលលុកលុយទៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយនោះទេ ៕

ប្រភព ៖ Aljazeera និង RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា