ប្រមុខ UN ព្រមានថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខ UN ព្រមានថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ

ប្រមុខ UN ព្រមានថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ

អ.ស.ប ៖  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃ សៅរ៍ ថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ ដោយលោកបានអំពាវនាវឱ្យមានការហាមឃាត់ជាសកលតាមផ្លូវច្បាប់ភ្លាមៗ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធប្រល័យលោកដ៏គ្រោះថ្នាក់នេះ ។
 
បើតាម Anadolu, ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន កាលពីពេលថ្មីៗនេះ ។
 
បើតាមការអះអាងរបស់រុស្ស៊ី, ការបាញ់សាកល្បងនេះ មានគោលបំណងផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេស យុទ្ធវិធី និងការហោះហើរនៃប្រព័ន្ធគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) នេះ ។
 
យ៉ាងណាមិញ ប្រមុខដឹកនាំយូអិនបានបញ្ជាក់តាមបណ្តាញសង្គម X ថា ការសាកល្បងអាវុធនុយក្លេអ៊ែរមិនមែនបង្ហាញពីភាពខ្លាំងនោះទេ ប៉ុន្តែវាគឺជាការបំផ្លាញទំនុកចិត្ត និងញុះញង់ឱ្យមានការសាកល្បងសងសឹកគ្នា ហើយក្បត់ទៅនឹងសហគមន៍អន្តរជាតិ ។
 
ជាមួយគ្នានេះ លោក Guterres បានជំរុញឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់ បន្តផ្អាកការសាកល្បងអាវុធប្រល័យលោកជាបណ្តោះអាសន្ន និងធ្វើការរួមគ្នា ដើម្បីឱ្យសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ហៅកាត់ CTBT ចូលជាធរមានពេញលេញតាមផ្លូវច្បាប់ ។
 
បើទោះបីជាសន្ធិសញ្ញា CTBT ត្រូវបានអនុម័តតាំងពីឆ្នាំ១៩៩៦ក៏ដោយ វានៅតែមិនទាន់អាចចូលជាធរមានពេញលេញនៅឡើយ ដោយសារតែខ្វះការផ្តល់សច្ចាប័នពីប្រទេសធំៗចំនួន ៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី អ៊ីរ៉ង់ អ៊ីស្រាអែល អេហ្ស៊ីប ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង ។
 
គិតត្រឹមឆ្នាំ ២០២៦ មានរដ្ឋចំនួន ១៨៨ បានចុះហត្ថលេខា និង ១៧៩ រដ្ឋទៀត បានផ្តល់សត្យាប័នលើសន្ធិសញ្ញា CTBT នេះ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា