លោក ត្រាំ គំរាមបង្ខំឱ្យក្រុមហ៊ុនកាណាដាទាំងអស់ ឈប់រកស៊ីក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមបង្ខំឱ្យក្រុមហ៊ុនកាណាដាទាំងអស់ ឈប់រកស៊ីក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកអាមេរិក

លោក ត្រាំ គំរាមបង្ខំឱ្យក្រុមហ៊ុនកាណាដាទាំងអស់ ឈប់រកស៊ីក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគំរាមបង្ខំដល់ក្រុមហ៊ុនកាណាដាទាំងអស់ ឲ្យឈប់វិនិយោគ នៅក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកធ្វើអាជីកម្ម នៅទឹកដីអាមេរិកវិញ បើមិនចង់រងគ្រោះពីការដាក់ពន្ធគយថ្មី ពីទីក្រុងវ៉ាស៊ីនតោន។

បើតាម Independent, ការព្រមានរបស់មេដឹកនាំវ័យ៨០ឆ្នាំយ៉ាងដូច្នេះ បានធ្វើឡើងនៅពេលដែលមន្ត្រីកាណាដាបានព្រមានថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ជម្លោះដ៏យូរអង្វែង ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យ ហើយលោក Trump បានប្រកាសដាក់ពន្ធគយរហូតដល់ ៥០ ភាគរយលើទំនិញកាណាដាមួយចំនួន រួមទាំង ផលិតផលទឹកដោះគោ និងឈើ។ ប្រទេសកាណាដាក៏បានដាក់ពន្ធគយតបតវិញលើដែកថែប អាលុយមីញ៉ូម និងទំនិញនាំចេញផ្សេងទៀត របស់សហរដ្ឋអាមេរិកផងដែរ។

តាមរយៈការបង្ហោះសារ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ, លោក Trump បានប្រកាសទាមទារឲ្យក្រុមហ៊ុនកាណាដា ដែលចង់ធ្វើអាជីវកម្មជាមួយសហរដ្ឋអាមេរិក ត្រូវតែផ្លាស់ទី ទីស្នាក់ការកណ្តាល និង រោងចក្រផលិត របស់ខ្លួនមកស្ថិតនៅក្នុងទឹកដីអាមេរិកវិញ ដើម្បីជៀសវាងការដាក់ពន្ធគយថ្មី ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧។

លោក Trump បានសរសេរថា «សូមឱ្យក្រុមហ៊ុនកាណាដាទាំងអស់ដែលកំពុងធ្វើអាជីវកម្មជាមួយអាមេរិក ផ្លាស់ទីមកកាន់សហរដ្ឋអាមេរិកជាបន្ទាន់។ ក្រុមហ៊ុនជាច្រើនក្នុងចំណោមនោះ គឺជាក្រុមហ៊ុនដែលបានចាកចេញ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែភាពជាអ្នកដឹកនាំដ៏ល្ងង់ខ្លៅ របស់សហរដ្ឋអាមេរិក ពីមុន។ នៅពេលដែលអ្នកត្រឡប់មកវិញ នឹងមិនមានការដាក់ពន្ធគយឡើយ!»។

នៅក្នុងការបង្ហោះមួយផ្សេងទៀត, លោកបានអះអាងថា កាណាដាគឺជាដៃគូពាណិជ្ជកម្មដ៏អាក្រក់បំផុតមួយ របស់អាមេរិក ទោះបីជាប្រទេសមួយនេះត្រូវបានគេដឹងថា គឺជាដៃគូធំទីពីរ របស់អាមេរិកក៏ដោយ។

យោងតាមតំណាងពាណិជ្ជកម្មអាមេរិក, សកម្មភាពសេដ្ឋកិច្ចឆ្លងដែនរវាងប្រទេសទាំងទាំងពីរ មានតម្លៃជិត ៩០០ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ប្រធានាធិបតី ដូណាល់ ត្រាំ តែងលើកឡើងថា គោលនយោបាយពន្ធគយរបស់លោកបានជួយសង្គ្រោះឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ក្រុមហ៊ុនផលិតរបស់អាមេរិកជាច្រើននៅតែពឹងផ្អែកលើគ្រឿងបន្លាស់ និងប្រព័ន្ធនានាដែលត្រូវបានផ្គុំឡើង នៅក្នុងប្រទេសផ្សេងៗទៀត រួមទាំង ប្រទេសកាណាដាផងដែរ។

ក្នុងជម្លោះពាណិជ្ជកម្មនេះដែរ, កាលពីសប្តាហ៍មុន លោក ត្រាំ ថែមបានប្រកាសចេញបទបញ្ជាប្រតិបត្តិមួយ ដែលតម្រូវឱ្យស្ថាប័នសហព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកហៅ «បឹង Ontario» ថា ជា «បឹង America» ដែលនេះគឺជាការប៉ុនប៉ងមួយទៀតដើម្បីបង្កការរំខាន ឬ បង្ករឿងដល់រដ្ឋាភិបាលកាណាដា ហើយសកម្មភាពនេះបានទទួលរងការចំអកឡកឡឺយពីមជ្ឈដ្ឋានជាច្រើន៕

ប្រភព ៖ Independent ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា