អ៊ុយក្រែន ចោទថា លោក Putin ផ្ទាល់ ចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចោទថា លោក Putin ផ្ទាល់ ចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តទៀត

អ៊ុយក្រែន ចោទថា លោក Putin ផ្ទាល់ ចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ចំៗកាលពីថ្ងៃ ចន្ទ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផ្ទាល់ មានបំណងចង់ឱ្យភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តទៅមុខទៀត ខណៈដែលជម្លោះធំបំផុតនៅទ្វីបអឺរ៉ុបមួយនេះ ឈានចូលដល់ឆ្នាំទី៥ហើយ។

មេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា យោងតាមព័ត៌មានពីចារកម្មអ៊ុយក្រែន និងប្រទេសដៃគូ ព្រមទាំងសញ្ញានានាពីរុស្ស៊ី បង្ហាញថា លោកប្រធានាធិបតី ពូទីន នៅតែចង់បន្តសង្គ្រាម ជាជាងស្វែងរកការបញ្ចប់ជម្លោះ។

លោក ហ្សេលេនស្គី អះអាងថា ប្រជាជនរុស្ស៊ីភាគច្រើន អាចយល់ព្រមឱ្យបញ្ឈប់សង្គ្រាមនៅតាមខ្សែបន្ទាត់ប្រយុទ្ធបច្ចុប្បន្ន ប៉ុន្តែបញ្ហាសំខាន់ គឺឆន្ទៈរបស់មេដឹកនាំនៅទីក្រុងមូស្គូផ្ទាល់។

លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បញ្ជាក់ថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក និងលោក Jared Kushner កូនប្រសាររបស់លោក Donald Trump អំពីការរៀបចំកិច្ចប្រជុំ ការបន្តទំនាក់ទំនងជាមួយភាគីរុស្ស៊ី និងលទ្ធភាពដែលពួកគេធ្វើទស្សនកិច្ចមកកាន់អ៊ុយក្រែន។

លោក ហ្សេលេនស្គី បន្ថែមទៀតថា កិច្ចពិភាក្សានោះ ផ្តោតលើវិធីជំរុញឱ្យរុស្ស៊ីឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ជាពិសេសជំហររបស់លោកប្រធានាធិបតី ពូទីន ត្រូវតែមានទិសដៅឆ្ពោះទៅរកការបញ្ឈប់ជម្លោះ មិនមែនការបន្តធ្វើសង្គ្រាមទេ។

បើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ, ទីក្រុងកៀវនឹងរង់ចាំមើលថាតើតំណាងរបស់ប្រធានាធិបតីអាមេរិក អាចសម្រេចបានអ្វីខ្លះ ក្នុងការជំរុញការចរចាជាមួយរុស្ស៊ី ដោយលោកនិយាយថា ខែកញ្ញានេះ អាចនឹងមានការផ្លាស់ប្តូរសំខាន់ៗ ចំពោះស្ថានការណ៍សង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា