ចិន គាំទ្រមជ្ឈិមបូព៌ាកសាងស្ថាបត្យកម្មសន្តិសុខថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន គាំទ្រមជ្ឈិមបូព៌ាកសាងស្ថាបត្យកម្មសន្តិសុខថ្មី

ចិន គាំទ្រមជ្ឈិមបូព៌ាកសាងស្ថាបត្យកម្មសន្តិសុខថ្មី

គែរ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនគាំទ្របណ្តាប្រទេសនៅមជ្ឈិមបូព៌ា កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់តំបន់នេះ, ប្រឆាំងការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ និងអំពាវនាវឱ្យដោះស្រាយបញ្ហាប្រជាជនប៉ាឡេស្ទីន ។

បើតាម Anadolu, មេដឹកនាំចិនរូបនេះ បានបញ្ជាក់កាលពីថ្ងៃ ពុធ ថា ទីក្រុងប៉េកាំងគាំទ្រប្រទេសក្នុងតំបន់ កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់មជ្ឈិមបូព៌ា ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។

លោក ស៊ី សង្កត់ធ្ងន់ថា ប្រជាជនមជ្ឈិមបូព៌ាគួរតែជាអ្នកសម្រេចអនាគតរបស់ខ្លួនឯងផ្ទាល់ និងគួរតែបដិសេធការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ ហើយថា បញ្ហាប្រជាជនប៉ាឡេស្ទីននៅតែជាវិបត្តិស្នូលនៃតំបន់មជ្ឈិមបូព៌ា ដែលមិនគួរមើលរំលង ឬបោះបង់ចោលឡើយ ។

ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយសន្តិសុខដ៏ទូលំទូលាសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់ ហើយលោកថែមទាំងជំរុញឱ្យចិន-អេហ្ស៊ីប ត្រូវរួមគ្នាប្រឆាំងគោលនយោបាយឯតោភាគីនិយម និងទង្វើគំរាមកំហែង ។

បន្ថែមលើនេះ លោក ស៊ី ក៏បានទទូចឱ្យប្រទេសនានាទូទាំងពិភពលោក ផ្តល់ការគាំទ្រដល់តួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងតំបន់ និងបានជំរុញឱ្យមហាអំណាចខាងក្រៅ បោះបង់ចោលការប្រកាន់យកស្តង់ដារពីរនៅមជ្ឈិមបូព៌ា ។

លោកប្រធានាធិបតី ស៊ី បានថ្លែងបែបនេះ ក្នុងអំឡុងជំនួបកំពូលជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ ស៊ីស៊ី នៅពេលមកបំពេញទស្សនកិច្ចក្នុងរដ្ឋធានីគែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា