អ៊ីស្រាអែលប្រកាសត្រៀមជម្លៀសប្រជាជនរាប់សែននាក់ចេញពីហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលប្រកាសត្រៀមជម្លៀសប្រជាជនរាប់សែននាក់ចេញពីហ្គាហ្សា

អ៊ីស្រាអែលប្រកាសត្រៀមជម្លៀសប្រជាជនរាប់សែននាក់ចេញពីហ្គាហ្សា

ហ្គាហ្សា ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។

អំឡុងសន្និសីទសារព័ត៌មាន, លោកប្រមុខការពារជាតិ Israel Katz បានបញ្ជាក់ថា «គ្មានដំណោះស្រាយពិតប្រាកដណាមួយសម្រាប់ ហ្គាហ្សា នោះទេ ប្រសិនបើគ្មានការផ្លាស់ប្តូរទីលំនៅ»។

លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល បានរៀបចំ និងត្រៀមខ្លួនជាស្រេចក្នុងការជម្លៀសពួកគេចេញ តាមផ្លូវសមុទ្រ ផ្លូវអាកាស និងគ្រប់វិធីទាំងអស់ដែលអាចធ្វើទៅបាន។

លោក Katz បានគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រាន់តែ «ផ្អាក» គំនិតនេះជាបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលកំពុងស្វែងរកបណ្តាប្រទេសផ្សេងៗដើម្បីទទួលយកប្រជាជនប៉ាឡេស្ទីន ដោយសារប្រទេសអេហ្ស៊ីបមិនមែនជាជម្រើស។ លោកបន្ថែមទៀតថា ប្រជាជនប្រមាណ ៨០% ចង់ចាកចេញ ប៉ុន្តែ ត្រូវរារាំងដោយក្រុមហាម៉ាស។

បើតាម AFP, កាលពីដើមឆ្នាំ២០២៥, លោក ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ២ លាននាក់ចាកចេញពីហ្គាហ្សា ដើម្បីអភិវឌ្ឍន៍តំបន់មួយនេះទៅជាទីតាំងរមណីយដ្ឋានលំដាប់ខ្ពស់។ ទោះជាយ៉ាងណា លោកបានដកថយវិញ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងក្លា ពីប្រទេសអេហ្ស៊ីប និងប្រជាជនប៉ាឡេស្ទីនផ្ទាល់ ដែលចាត់ទុកការជម្លៀសដោយបង្ខំនេះជា មហន្តរាយថ្មីមួយទៀត។

យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ, ការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំនៅក្នុងដែនដីកាន់កាប់ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋកម្មសង្គ្រាម។

តាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល, ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១ពាន់២២១នាក់។ ចំណែកឯប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតកើនឡើងដល់ ៧ម៉ឺន៣ពាន់៤៧០នាក់នៅហ្គាហ្សា ក្នុងនោះ មានជាង ១ពាន់៣៣០នាក់បានស្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាស នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា