អ៊ីរ៉ង់ឈានដល់ការត្រៀមបង្កើតជា «តំបន់ហាមឃាត់» លើច្រកសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ឈានដល់ការត្រៀមបង្កើតជា «តំបន់ហាមឃាត់» លើច្រកសមុទ្រ

អ៊ីរ៉ង់ឈានដល់ការត្រៀមបង្កើតជា «តំបន់ហាមឃាត់» លើច្រកសមុទ្រ

តេហេរ៉ង់ ៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បានអះអាង កាលពីថ្ងៃអាទិត្យថា ទីក្រុងតេហេរ៉ង់នឹងប្រកាសបង្កើត «តំបន់ហាមឃាត់» នៅជិតច្រកសមុទ្រ Hormuz ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, លោក Mohsen Rezaei មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើត «តំបន់ហាមឃាត់» មួយនៅជិតច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោក Rezaei បានប្រាប់ទូរទស្សន៍រដ្ឋថា «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ តំបន់ហាមឃាត់មួយនឹងត្រូវបានប្រកាស នៅខាងក្រៅច្រកសមុទ្រ Hormuz។ តំបន់នេះនឹងចាប់ផ្តើមពីខ្សែរារាំងរបស់កងទ័ពជើងទឹកអាមេរិក ហើយគ្របដណ្តប់លើតំបន់មួយចំនួននៃឈូងសមុទ្រពែរ្ស។ កប៉ាល់ណាក៏ដោយដែលចូលទៅក្នុងតំបន់ថ្មីនេះ នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្ម» របស់អ៊ីរ៉ង់។

អ៊ីរ៉ង់នៅតែបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើច្រកសមុទ្រ Hormuz ខណៈដែលទីក្រុងវ៉ាស៊ីនតោនបន្តអនុវត្តវិធានការរារាំងតបតវិញទៅលើកំពង់ផែរបស់អ៊ីរ៉ង់។

ទីក្រុងវ៉ាស៊ីនតោនក៏កំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំង ដោយដាក់ទណ្ឌកម្មលើស្ថាប័ននានាដែលមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយសាធារណរដ្ឋអ៊ីស្លាមមួយនេះ ក្នុងគោលបំណងបង្ខំឱ្យពួកគេចុះចាញ់។

ការប្រកាសបង្កើត «តំបន់ហាមឃាត់» នៅជិតច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ បានធ្វើឡើងក្រោយគូជម្លោះទាំងពីរបានផ្ទុះអាវុធដាក់គ្នាជាថ្មី។

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែកញ្ញា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM ដែលទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅក្នុងតំបន់ បាននិយាយថា អ៊ីរ៉ង់បានបាញ់ប្រហារដោយមិនបានសម្រេចទៅលើនាវាចម្បាំងអាមេរិកចំនួនពីរគ្រឿង គឺនាវាដឹកយន្តហោះចម្បាំង និងនាវាពិឃាត។

ជាការឆ្លើយតប សហរដ្ឋអាមេរិកបានវាយប្រហារលើនាវាដឹកប្រេងចំនួនបីគ្រឿង ដែលខ្លួនអះអាងថា មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា