លីបង់សុំជំនួយពីអាមេរិក ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៧ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លីបង់សុំជំនួយពីអាមេរិក ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៧ នាក់

លីបង់សុំជំនួយពីអាមេរិក ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ៧ នាក់

បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន និងសហគមន៍អន្តរជាតិឱ្យជួយបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ កាលពីថ្ងៃអាទិត្យ ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយដែលមានគោលបំណងបញ្ឈប់អំពើហិង្សាក៏ដោយ។

យ៉ាងណា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើសមាជិក និងទីតាំងរបស់ក្រុមហេសបូឡា (Hezbollah) ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) កាលពីមួយថ្ងៃមុន ដែលធ្វើឡើងដោយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ទៅលើកងទ័ពរបស់ខ្លួន នៅក្បែរជួរភ្នំយុទ្ធសាស្ត្រមួយ នៅភាគខាងត្បូង ប្រទេសលីបង់។

លោក Joseph Aoun បាននិយាយថា ការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យខូចខាតអគាររដ្ឋាភិបាល និងបំផ្លាញមន្ទីរពេទ្យមួយកន្លែង លែងដំណើរការ គឺជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់និង ប៉ះពាល់ដល់ស្ថាប័នរដ្ឋរបស់លីបង់ ព្រមទាំង មណ្ឌលសុខភាពនានា។

លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក ដែលបានសម្របសម្រួលការចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ ព្រមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងភាគីទាំងពីរ ក្នុងខែមិថុនា ឱ្យ ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ។

ក្រសួងសុខាភិបាលលីបង់បាននិយាយថា មនុស្ស ២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើតំបន់ Nabatieh al-Fawqa ភាគខាងត្បូងប្រទេសលីបង់ ហើយស្ត្រី ២ នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ នៅក្នុងតំបន់ Arab Salim ដែលនៅក្បែរនោះផងដែរ។

ក្រសួងបានឱ្យដឹងថា មនុស្ស ២០ នាក់ផ្សេងទៀត រួមទាំង ស្ត្រីមួយចំនួន និងកុមារ ៣ នាក់ បានរងរបួស នៅទីនោះ ក៏ដូចជា នៅក្នុងទីក្រុង Nabatieh និង ទីប្រជុំជន Kfar Rumman ផងដែរ។

ក្រោយមក ក្រសួងបានរាយការណ៍ថា ការវាយប្រហារលើចំណតរថយន្តមួយកន្លែង នៅជិត Nabatieh បានសម្លាប់មនុស្ស ៣ នាក់បន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា