ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

ប៉េកាំង ៖ សហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ចិន Jilin Chemical Fiber Group បានរងការចោទប្រកាន់ថា បានបញ្ជូនវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក (UAV) ឬដ្រូនប្រមាណ ៤៦តោន ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី នៅដើមឆ្នាំ២០២៦ ។ នេះបើតាមកាសែត Politico ចេញផ្សាយថ្ងៃ ចន្ទ ។

យោងតាមឯកសារដែលត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ដោយមន្ត្រីលោកខាងលិច ព្រមទាំងអ៊ុយក្រែន បង្ហាញថា សម្ភារៈដែលបានផ្ទេរនោះ រួមមានកាបូនហ្វៃប័រ គឺជាវត្ថុធាតុដើមដ៏រឹងមាំ និងស្រាលខ្លាំង ដែលអាចប្រើសម្រាប់ផលិតយន្តហោះដ្រូន UAV។

អង្គភាពរុស្ស៊ីដែលទទួលបានសម្ភារៈនេះ ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការអភិវឌ្ឍ និងផលិតយន្តហោះដ្រូនប្រភេទវាយប្រហារ។

ឯកសារដែលត្រូវបានលាតត្រដាងនេះ ត្រូវបានគេចាត់ទុកថា ជាភស្តុតាងលម្អិតមួយក្នុងចំណោមភស្តុតាងដំបូងៗ ដែលបង្ហាញពីការផ្ទេរដោយផ្ទាល់នូវសម្ភារៈសម្រាប់ផលិតយន្តហោះដ្រូន UAV ពីសហគ្រាសរដ្ឋចិន ទៅកាន់អង្គភាពដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ី។

បើតាម The New Voice of Ukraine, ការលាតត្រដាងនេះកើតឡើង ខណៈមានរបាយការណ៍កាន់តែច្រើនអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ផលិតនៅចិន នៅក្នុងយន្តហោះដ្រូន UAV វាយប្រហាររបស់រុស្ស៊ី ដែលត្រូវបានប្រើប្រឆាំងនឹងអ៊ុយក្រែន។

យ៉ាងណា ប្រទេសចិននៅតែបដិសេធថា ខ្លួនមិនបានផ្តល់ជំនួយយោធា ឬអាវុធសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមដល់រុស្ស៊ី ដើម្បីប្រឆាំងនឹងអ៊ុយក្រែននោះទេ។ ចំណែកសហគ្រាស Jilin Chemical Fiber Group ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះផងដែរ។

យន្តហោះដ្រូនបានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទាំងស្រុង ជាពិសេសវាបានដើរតួនាទីយ៉ាងសកម្មចាប់តាំងពីការវាយប្រហារនៅសមរភូមិជួរមុខ រហូតដល់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ភាគីទាំងពីរ ៕

ប្រភព ៖ Politico និង The New Voice of Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា