លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃ អង្គារ ថា អ្នកចរចាមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងជួបប្រជុំគ្នាយ៉ាងឆាប់បំផុតនៅក្នុងខែកញ្ញានេះតែម្តង ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។

ការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃលើទីក្រុងកៀវ ដោយប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូន។ អាជ្ញាធរអ៊ុយក្រែនឱ្យដឹងថា ការវាយប្រហារពេញមួយយប់នេះ បានសម្លាប់ជីវិតមនុស្សចំនួន ៣ នាក់ស្លាប់ និងបង្កឱ្យមានអគ្គិភ័យជាច្រើនកន្លែង។

យ៉ាងណា លោក Zelensky សង្កត់ធ្ងន់ថា ទីក្រុងកៀវកំពុងព្យាយាមជំរុញឱ្យមាន កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា ការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចត្រូវបានស្តារឡើងវិញនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។

ទោះបីជាពុំទាន់មានរបកគំហើញភ្លាមៗ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ក៏ដោយ តែមេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា ប្រសិនបើគ្រប់ភាគីយល់ព្រម កិច្ចប្រជុំនេះអាចធ្វើឡើងក្នុងខែកញ្ញានេះតែម្តង ដោយលោកសង្កត់ធ្ងន់ថា “កាន់តែឆាប់ កាន់តែល្អ”។

គួរបញ្ជាក់ថា ការចរចាជាច្រើនជុំកន្លងទៅ មិនអាចធ្វើឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ដំណោះស្រាយបញ្ចប់សង្គ្រាមជាផ្លូវការបានទេ ខណៈដែលទំនុកចិត្តរវាងភាគីជម្លោះទាំងពីរនៅមានកម្រិតទាប ហើយមិនទាន់មានសញ្ញាច្បាស់លាស់ថា ភាគីណាមួយបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា