អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

តេហេរ៉ង់, សេអ៊ូល៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសព្រមានកូរ៉េខាងត្បូង ជួបផលវិបាកធ្ងន់ធ្ងរ និង ផ្លាស់ប្តូរពីមិត្តល្អនឹងគ្នា រយៈពេល៦៤ឆ្នាំ មកជាប្រទេសគាំទ្រដល់ការឈ្លានពានអាមេរិក ប្រសិនទីក្រុងសេអ៊ូលហ៊ានតែបញ្ជូនកម្លាំងយោធាទៅបំពេញបេសកម្មនៅច្រកសមុទ្រហ័រមូសដ៏ចម្រូងចម្រាស់ តាមការដាក់សំពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ជាភាសាកូរ៉េ កាលពីថ្ងៃចន្ទថា «ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសាធារណរដ្ឋកូរ៉េ មានរយៈពេលជាង ៦៤ ឆ្នាំមកហើយ ហើយតែងតែផ្អែកលើការគោរពគ្នាទៅវិញទៅមក។ អ៊ីរ៉ង់ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋកូរ៉េ»។

លោក Baqaei បានសរសេរបន្តថា «ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន រាល់ការចូលរួមក្នុងប្រតិបត្តិការ ឬ វត្តមានយោធាដោយភាគីផ្សេងទៀត នៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស នឹងត្រូវបានចាត់ទុកថា ជាការគាំទ្រដោយផ្ទាល់ដល់អ្នកឈ្លានពាន ហើយនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ»។

លោកបានបន្ថែមថា «គ្មានរដ្ឋាភិបាលដែលមានអធិបតេយ្យភាព និងការទទួលខុសត្រូវណាមួយគួរតែចុះចាញ់នឹងអ្វីដែលលោកបានពណ៌នាថា ជាសម្ពាធ និងការគំរាមកំហែង របស់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។

បើតាម koreatimes, ការបង្ហោះនេះត្រូវបានគេមើលឃើញថា ជាសារផ្ទាល់ទៅកាន់ទីក្រុងសេអ៊ូល ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ មុនពេលធ្វើការព្រមានកុំឱ្យចូលរួម។

ការព្រមាននេះបានកើតឡើង បន្ទាប់ពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងសេអ៊ូលកំពុងពិនិត្យមើលជម្រើសទាំងផ្នែកយោធា ​រួមមានការដាក់ពង្រាយយន្តហោះល្បាតដែនសមុទ្រ, នាវាគាំទ្រផ្នែកភស្តុភារ ឬ អង្គភាពដោះមីន ក្នុងប្រតិបត្តិការយោធា នៅក្នុងតំបន់ច្រកសមុទ្រហ័រមូស។

កូរ៉េខាងត្បូងកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ពីប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនានា នៅក្នុងផ្លូវទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់មួយនេះ។

លោក Trump បានរិះគន់ចំៗជាញឹកញាប់ ទៅលើទីក្រុងសេអ៊ូល ចំពោះការបដិសេធមិនផ្តល់ការគាំទ្រផ្នែកយោធា ខណៈដែលរដ្ឋបាលរបស់លោកបាននិយាយ កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន «នៅតែរង់ចាំឱ្យកូរ៉េខាងត្បូង ដាក់ពង្រាយធនធានរបស់ខ្លួន ទៅកាន់តំបន់នោះ។

ការព្រមានរបស់លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ គឺស្រដៀងគ្នាទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់តេហេរ៉ង់ម្នាក់ទៀត ដែលបានព្រមាន កាលពីសប្តាហ៍មុនថា ទីក្រុងសេអ៊ូល មិនត្រូវចុះចាញ់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ក្នុងការសហការលើអ្វីដែលលោកបានពណ៌នាថា ជាប្រតិបត្តិការយោធាខុសច្បាប់ ដោយលើកឡើងថា ​កូរ៉េខាងត្បូងមិនគួរលះបង់ផលប្រយោជន៍ជាតិ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ៕

ប្រភព ៖ koreatimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា