អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

ព្រុចសែល ៖ ប្រទេសអឺរ៉ុបចំនួន ១១ និងកាណាដា នៅថ្ងៃ អង្គារ បានប្តេជ្ញាចិត្តរួមគ្នាដាក់កំហិតថ្នាក់ជាតិ និងបម្រាមលើការធ្វើពាណិជ្ជកម្មទំនិញ ដែលមានប្រភពចេញពីក្រុមអ្នកតាំងទីលំនៅជ្រុលនិយមរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។

បើតាម អាណាឌូលូ, ប្រទេសទាំង១២នេះ រួមមាន បារាំង អង់គ្លេស កាណាដា ដាណឺម៉ាក អេស្ប៉ាញ ហ្វាំងឡង់ អៀរឡង់ អ៊ីស្លង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ និងស៊ុយអែត។

យោងតាមសេចក្តីថ្លែងការណ៍រួម, ប្រទេសទាំងនេះបានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយចាត់ទុកថា ការពង្រីកការតាំងទីលំនៅ និងអំពើហិង្សានៅទីនោះ កំពុងដុតបំផ្លាញលទ្ធភាពសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។

ប្រទេសទាំងនេះ ថែមទាំងបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះគម្រោងតាំងទីលំនៅ E1 ដែលត្រូវបានចាត់ទុកថា អាចប៉ះពាល់យ៉ាងខ្លាំងដល់ការរក្សាទឹកដីប៉ាឡេស្ទីនឱ្យមានលក្ខខណ្ឌ សម្រាប់បង្កើតរដ្ឋនាពេលអនាគត។

សេចក្តីថ្លែងការណ៍រួម ក៏បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកាត់យកទឹកដីប៉ាឡេស្ទីន និងការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតពួកគេ ព្រមទាំងជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងសកម្មភាពរដ្ឋបាលស៊ីវិលដែលពាក់ព័ន្ធ។

បន្ថែមលើនេះ ប្រទេសទាំង១២ក៏ទាមទារឱ្យមានការស៊ើបអង្កេត និងផ្តន្ទាទោសតាមច្បាប់ ចំពោះអ្នកតាំងទីលំនៅអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការបង្កអំពើហិង្សា ក៏ដូចជាស៊ើបអង្កេតការចោទប្រកាន់នានា ដែលទាក់ទិននឹងកងកម្លាំងអ៊ីស្រាអែល។

យោងតាមគេហទំព័រអង្គការលើកលែងទោសអន្តរជាតិ, ចាប់តាំងពីឆ្នាំ១៩៦៧ មក អ៊ីស្រាអែលបានពង្រីកការសាងសង់លំនៅឋានខុសច្បាប់ សម្រាប់ជនជាតិជ្វីហ្វនៅក្នុងតំបន់ West Bank។

ជាការឆ្លើយតប ទាំងអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិភាគច្រើនចាត់ទុកថា ការតាំងទីលំនៅទាំងនេះ គឺជាសកម្មភាពខុសច្បាប់នៅក្រោមប្រព័ន្ធច្បាប់អន្តរជាតិ និងជាឧបសគ្គរារាំងដល់ការស្វែងរកសន្តិភាព៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា