ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន

ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន

កៀវ ៖ យន្តហោះគ្មានមនុស្សបើក Shahed របស់រុស្ស៊ី បានវាយប្រហាររថភ្លើងដឹកអ្នកដំណើរ ដែលចាកចេញពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy កាលពីថ្ងៃអង្គារ។ នេះបើតាមក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន។

យោងតាមការបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន Ukrzaliznytsia, កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅវាយប្រហារលើរថភ្លើងដឹកអ្នកដំណើរមួយខ្សែដែលធ្វើដំណើរពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ Shahed ចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ប៉ុន្តែ ការជូនដំណឹងជាមុនបានអនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកទាំងអស់ជម្លៀសខ្លួនចេញបានទាន់ពេលវេលា មុនពេលការវាយប្រហារកើតឡើង។

ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនអះអាងថា ក្រុមការងារត្រួតពិនិត្យរបស់ក្រុមហ៊ុនបានបញ្ឈប់រថភ្លើងនោះនៅឯស្ថានីយមួយ មុនពេលការវាយប្រហារកើតឡើង។

អ្នកដំណើរទាំងអស់ រួមទាំងបុគ្គលិកបម្រើការលើរថភ្លើង និងអ្នកបើកបរ បានជម្លៀសខ្លួនចេញបានទាន់ពេលវេលា។

លោក Oleksandr Pertsovskyi នាយកប្រតិបត្តិក្រុមហ៊ុន Ukrzaliznytsia បានមានប្រសាសន៍ថា «ការវាយប្រហារដោយចេតនាលើរថភ្លើងដឹកអ្នកដំណើរ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏អាក្រក់មួយ» ដោយលោកបានអំពាវនាវឱ្យដៃគូរបស់អ៊ុយក្រែនបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។

បើតាម kyivpost, ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីហេតុការណ៍មួយផ្សេងទៀត កាលពីថ្ងៃពុធ ទី២ ខែកញ្ញា នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារនៅក្បែររថភ្លើងដឹកអ្នកដំណើរលេខ 53/54 ដែលធ្វើដំណើររវាងទីក្រុង Odesa និង Dnipro នៅឯស្ថានីយមួយលើបណ្តាញផ្លូវដែក Prydniprovska។

ក្នុងករណីនោះដែរ, សេវាកម្មត្រួតពិនិត្យរបស់ក្រុមហ៊ុន Ukrzaliznytsia ក៏បានរកឃើញការគំរាមកំហែងជាមុនផងដែរ ដែលអនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកអាចគេចចេញទៅកាន់ទីសុវត្ថិភាពបាន មុនពេលការផ្ទុះកើតឡើង។

កាសែត The Guardian បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានវាយប្រហារលើបណ្តាញផ្លូវដែករបស់អ៊ុយក្រែនជាង ១,៥០០ លើកមកហើយ ដោយបានបង្កការខូចខាតដល់ទូរថភ្លើងដឹកអ្នកដំណើរចំនួន ២៤៩ គ្រឿង និង ក្បាលរថភ្លើងចំនួន ៤៩២ គ្រឿង៕

ប្រភព ៖ kyivpost ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា