ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីគំរាមទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងលុបចោលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jin ping និងលោកប្រធានាធិបតី Donald Trump ដែលហៀបនឹងកើតឡើងនៅចុងខែកញ្ញានេះ ប្រសិនបើភាគីទីក្រុងវ៉ាស៊ីនតោនហ៊ានអនុម័តលក់អាវុធថ្មីៗទៅឱ្យតៃវ៉ាន់មុនពេលនោះ។

ការព្រមាននេះកើតឡើង ខណៈដែលលោក Trump ចង់រៀបចំកិច្ចប្រជុំកំពូលជាមួយលោក Xi ដើម្បីជំរុញទំនាក់ទំនង និងស្វែងរកសមិទ្ធផលការទូត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។

មុនដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់សហរដ្ឋអាមេរិក ប្រទេសចិនបានអះអាងជាថ្មីថា បញ្ហាតៃវ៉ាន់ គឺជា «ខ្សែបន្ទាត់ក្រហម» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ហើយក៏មិនច្រានចោលលទ្ធភាពប្រើកម្លាំងយោធាដណ្តើមយកមកវិញដែរ។

ទោះជាមានភាពខ្វែងគំនិតគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់ក៏ដោយ ប្រទេសចិននៅតែបង្ហាញជំហរបើកចំហ ចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។

ហើយមេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗជាច្រើន រួមទាំងកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយលើទំនិញដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារពីភាគីនីមួយៗ។

បើតាម Straits Times, សហរដ្ឋអាមេរិកនៅតែបន្តលក់ និងផ្គត់ផ្គង់អាវុធថ្មីៗឱ្យតៃវ៉ាន់ ស្ថិតក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលមានគោលបំណងជួយតៃវ៉ាន់រក្សាសមត្ថភាពការពារខ្លួន។

ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក Trump បានប្រកាសកញ្ចប់លក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រហែល ១១ ពាន់លានដុល្លារ ដែលត្រូវបានរាយការណ៍ថា ជាកញ្ចប់លក់អាវុធធំបំផុតមិនធ្លាប់មាន ដោយបានធ្វើប្រទេសចិនក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា