ជប៉ុន បង្អួតរថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន បង្អួតរថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្ត

ជប៉ុន បង្អួតរថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្ត

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យបានបង្អួតរថយន្តសង្គ្រោះបន្ទាន់ប្រភេទថ្មីមួយ និងដំបូងបង្អស់ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ជួយសង្គ្រោះមនុស្សយន្ត ។

បើតាម Euronews, រថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្តនេះ បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស GMO Internet Group របស់ជប៉ុន ក្នុងគោលបំណងដឹកជញ្ជូនក្រុមវិស្វករ ឧបករណ៍ជួសជុល គ្រឿងបន្លាស់ និងថែមទាំងមានមនុស្សយន្តបម្រុង សម្រាប់ទៅជួសជុល ឬផ្លាស់ប្តូរឱ្យអតិថិជនដល់ទីកន្លែងភ្លាមៗ នៅពេលមានបញ្ហាបច្ចេកទេស ឬខូចខាត ។

ក្រុមហ៊ុន GMO Air និយាយថា គំនិតនេះកើតចេញពីបញ្ហាដែលក្រុមហ៊ុនធ្លាប់ជួបប្រទះកន្លងមក ពោលនៅពេលមនុស្សយន្តដែលបម្រើការក្នុងសណ្ឋាគារ ឬឃ្លាំងទំនិញមានបញ្ហា អតិថិជនត្រូវផ្ញើវាទៅក្រុមហ៊ុនដើម្បីជួសជុល ដែលធ្វើឱ្យខាតបង់ពេលជាច្រើនថ្ងៃ ។

លោក Shota Takizawa វិស្វករនៅក្រុមហ៊ុន GMO Air និយាយថា រថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្តនេះ នឹងដឹកជញ្ជូនមនុស្សយន្តជំនួស ទៅកាន់ទីតាំងមានបញ្ហា ហើយធ្វើការផ្លាស់ប្តូរមនុស្សយន្តដែលខូច ។

លោកថា ប្រសិនបើការជួសជុលមិនអាចធ្វើទៅរួចនៅទីនោះទេ មនុស្សយន្តដែលខូចអាច ត្រូវបានដឹកត្រឡប់ទៅកាន់មជ្ឈមណ្ឌលជួសជុលវិញ ខណៈដែលមនុស្សយន្តថ្មី នឹងបំពេញតួនាទីជំនួសមនុស្សយន្តដែលខួច ។

ទោះបីជាមានការរចនាខាងក្រៅដូចជារថយន្តសង្គ្រោះមនុស្សធម្មតាក៏ពិតមែន ប៉ុន្តែខាងក្នុងរថយន្ត គឺជាការិយាល័យ និងរោងជាងចល័ត ដែលមានកន្លែងធំទូលាយ សម្រាប់ផ្ទុកមនុស្សយន្ត គ្រឿងបន្លាស់ កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាជាច្រើន ។

ប្រភពដដែលឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់នេះ មិនមែនជាឡានស្វ័យប្រវត្តិ ឬប្រើមនុស្សយន្តទៅជួសជុលមនុស្សយន្តឡើយ ពោលគឺវាត្រូវបានបើកបរ និងបញ្ជាដោយក្រុមវិស្វករជាមនុស្សពិតប្រាកដ។

បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ឱ្យដំណើរការសាកល្បងរថយន្តនេះមួយគ្រឿងសិន នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងតូក្យូ ហើយមានគម្រោងពង្រីកបន្ថែមទៀត នៅពេលតម្រូវការទីផ្សារមនុស្សយន្តកើនឡើង។

ការផ្តល់សេវាកម្មនេះ កើតឡើងស្របពេលដែលការប្រកួតប្រជែងផ្នែកមនុស្សយន្ត និងបច្ចេកវិទ្យា AI កំពុងកើនឡើង ជាពិសេសរវាងជប៉ុន ចិន និងសហរដ្ឋអាមេរិក។

បើតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន McKinsey, ទីផ្សារមនុស្សយន្តសម្រាប់បម្រើការងារទូទៅ អាចនឹងមានតម្លៃរហូតដល់ ៣៧០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៤០ ៕

ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា