លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ី បានចោទប្រកាន់កាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសលោកខាងលិចកំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈព្យាយាមផ្សព្វផ្សាយនូវអ្វីដែលខ្លួនហៅថា “រឿងមិនពិត” អំពីការគំរាមកំហែងរបស់ទីក្រុងមូស្គូ។

បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អះអាងថា រុស្ស៊ីមិនមានបំណងវាយប្រហារអឺរ៉ុបឡើយ ប៉ុន្តែជម្លោះណាមួយដែលបង្កឡើងដោយការវាយប្រហារពីសំណាក់បណ្តាប្រទេសអឺរ៉ុប នោះនឹងមានលក្ខណៈខុសគ្នាទាំងស្រុងពីសង្គ្រាមអ៊ុយក្រែន និងបញ្ចប់ទៅវិញយ៉ាងលឿនបំផុត។

លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមខាងក្រៅ ដែលលោកចាត់ទុកថា ប៉ះពាល់ដល់សន្តិសុខជាតិរបស់ទីក្រុងមូស្គូ។

ជាមួយគ្នានេះ លោក Lavrov បានបង្ហាញភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈរក្សាការសន្ទនាជាមួយរុស្ស៊ី ទោះបីមានការខ្វែងគំនិតគ្នាខ្លាំងក៏ដោយ។

លោក Lavrov សង្កត់ធ្ងន់ថា រុស្ស៊ីនៅតែបើកទ្វារចំហ ចំពោះការសន្ទនាប្រកបដោយអត្ថន័យ ជាមួយគ្រប់ភាគីដែលមានឆន្ទៈចូលរួម ហើយមិនចង់ឱ្យមន្ត្រីបរទេសមករុស្ស៊ី ដើម្បីតែធ្វើការរិះគន់ជាសាធារណៈនោះទេ។

យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ ទទួលស្គាល់ថា ការសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅពុំទាន់នាំឱ្យមានការផ្លាស់ប្តូរជាក់ស្តែងណាមួយនោះទេ ហើយលោកក៏មិនរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា