ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ

ចិន ព្រមានចំពោះមុខ អ៊ីរ៉ង់ ពីការបាត់ប្រយោជន៍ដ៏ធំ បើបណ្តោយឲ្យសង្គ្រាមជាមួយអាមេរិកបន្តអូសបន្លាយពេលយូរ

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានព្រមានធ្ងន់ៗ នៅចំពោះមុខសមភាគី អ៊ីរ៉ង់ ដោយបញ្ជាក់ថា អរិភាពដែលអូសបន្លាយពេលយូរមិនផ្តល់ផលប្រយោជន៍ដល់តំបន់ ឬ ស្ថិរភាពអន្តរជាតិនោះទេ ហើយ ប្រមុខការទូតទីក្រុងប៉េកាំងរូបនេះ បានជំរុញទាំងទីក្រុងតេហេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោន ត្រូវតែត្រឡប់ទៅគោរព MoU ដើមឡើងវិញ ឱ្យបានឆាប់ជាទីបំផុត។

ការព្រមាននិងការអំពាវនាវរបស់លោក Wang Yi បានធ្វើឡើង អំឡុងពេលទទួលស្វាគមន៍លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃពុធ ហើយ ដំណើររយៈពេល១ថ្ងៃ ទៅកាន់រដ្ឋធានីប៉េកាំងរបស់ប្រមុខការទូតទីក្រុងតេហេរ៉ង់ បានធ្វើឡើង នៅមុនពេលមានកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិន លោក Xi Jinping និង លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។

លោក Wang Yi បានប្រាប់សមភាគី Abbas Araghchi ថា ការបន្តអូសបន្លាយជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ មិនមែនជាផលប្រយោជន៍រួមរបស់ភាគីពាក់ព័ន្ធ និងសហគមន៍អន្តរជាតិនោះទេ។

លោកបានបន្ថែមថា ប្រទេសចិនលើកទឹកចិត្តឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវហេតុផល និងការអត់ធ្មត់ ព្រមទាំង ត្រឡប់ទៅរកអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នៅទីក្រុង Islamabad វិញឱ្យបានឆាប់រហ័ស ដើម្បីកសាងយន្តការចរចាឡើងវិញ ដោយផ្អែកលើការឯកភាពគ្នាដែលសម្រេចបាន រហូតមកដល់ពេលនេះ ហើយធ្វើការពិគ្រោះយោបល់ ប្រកបដោយខ្លឹមសារលើបញ្ហាដែលភាគីនីមួយៗយកចិត្តទុកដាក់។

បើតាម Yenisafak, «MoU ទីក្រុង Islamabad» ត្រូវបានចុះហត្ថលេខា កាលពីខែមិថុនា ពោលគឺបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីសំណាក់ប្រទេសប៉ាគីស្ថាន និង កាតា ដោយបង្កើតក្របខ័ណ្ឌសម្រាប់ការចរចារវាងភាគីដែលមានជម្លោះនឹងគ្នា។

ទីក្រុងប៉េកាំងរក្សាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយទីក្រុងតេហេរ៉ង់ ដែលជំរុញជាចម្បងដោយកិច្ចសហប្រតិបត្តិការផ្នែកថាមពល ខណៈដែលចិនគឺជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតមួយរបស់អ៊ីរ៉ង់ ហើយទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងលើសពី ៤១ ពាន់លានដុល្លារ កាលពីឆ្នាំមុន បើយោងតាមស្ថិតិផ្លូវការ។

នេះគឺជាជំនួបសវនាការជាផ្លូវការលើកទីពីរ រវាងប្រមុខការទូតចិននិងអ៊ីរ៉ង់ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារផ្នែកយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការវាយប្រហារតបតវិញ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើទឹកដីអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅទូទាំងតំបន់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត កំពុងព្យាយាមទប់ស្កាត់ការកើនឡើងនៃជម្លោះ កុំឲ្យបន្តអូសបន្លាយពេលវេលាបន្ថែមទៀត៕

ប្រភព ៖ Yenisafak, ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា