អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

អាមេរិកផ្តល់ទិដ្ឋាការឲ្យមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចូលរួមប្រជុំ UN នៅញូវយ៉ក

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងបានចេញទិដ្ឋាការដល់គណៈប្រតិភូអ៊ីរ៉ង់ ដើម្បីចូលរួមក្នុង “សប្តាហ៍កម្រិតខ្ពស់” នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UN នៅទីក្រុងញូវយ៉ក ដែលនឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ anadolu។

អ្នកនាំពាក្យរូបនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្ញើតាមអ៊ីមែលថា «ស្របតាមកាតព្វកិច្ចរបស់យើង ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូស្នូលមកពីរដ្ឋាភិបាលអ៊ីរ៉ង់នឹងអាចចូលរួមក្នុងសប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបាន»។

អ្នកនាំពាក្យ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា «គណៈប្រតិភូនឹងស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និង ប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត ព្រមទាំង ទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់យើង។ គណៈប្រតិភូនេះមានចំនួនសមាជិកតិចជាងឆ្នាំមុន»។

គណៈប្រតិភូរបស់អ៊ីរ៉ង់ទាំងនោះ ត្រូវបានរាយការណ៍ថា រួមមានទាំង លោកប្រធានាធិបតី Masoud Pezeshkian និង លោក រដ្ឋមន្ត្រីការបរទេស Abbas Araghchi។

សប្តាហ៍កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅថ្ងៃសុក្រនេះ ហើយបន្តរហូតដល់ថ្ងៃទី២៨ ខែកញ្ញា។

ការសម្រេចចិត្តចេញទិដ្ឋាការនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានអនុស្សរណៈមួយដែលបានចុះហត្ថលេខា កាលពីខែមិថុនា។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ ដោយវាយប្រហារលើអគាររដ្ឋាភិបាល ទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធមីស៊ីល និងប្រព័ន្ធការពារដែនអាកាស ដែលជំរុញឱ្យមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិក នៅទូទាំងតំបន់។

ចាប់តាំងពីពេលនោះមក សង្គ្រាមបានរីករាលដាលពាសពេញតំបន់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តដើម្បីប៉ុនប៉ងបញ្ចប់អរិភាពទាំងនេះ៕

ប្រភព anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា