ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានថ្លែងកាលពីថ្ងៃទី ១៨ ខែកញ្ញាថា ប្រទេសប៉ូឡូញបានចូលរួមក្នុងសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយនឹងប្រទេសអ៊ុយក្រែន និង សម្ព័ន្ធមិត្តផ្សេងៗទៀត។ លោក Zelensky ឆ្លើយតបថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ។

លោក Tusk បាននិយាយ នៅក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម X ថា «ចាប់ពីថ្ងៃនេះតទៅ ប៉ូឡូញគឺជាផ្នែកមួយនៃគម្រោងដ៏សំខាន់នេះ… យើងបានឯកភាពគ្នាលើទម្រង់ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ»។

លោក Tusk បានចូលរួមកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រ របស់ក្រុមតំបន់ថ្មីមួយដែលរួមមានប្រទេសចំនួន ៨ ក្នុងតំបន់ Carpathian ដែលត្រូវបានរៀបចំឡើងនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងផ្តួចផ្តើមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

បើតាម straitstimes, កាលពីខែកក្កដា អ៊ុយក្រែន និងប្រទេសអឺរ៉ុបចំនួន ៩ បានប្រកាសបង្កើតសម្ព័ន្ធភាពការពារដែនអាកាសមួយ ដែលនឹងរួមបញ្ចូលទាំងការអភិវឌ្ឍរួមគ្នានូវប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងថ្មីមួយ ដើម្បីជាជម្រើស និងជាដំណោះស្រាយដែលមានតម្លៃទាបជាងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក។

លោក Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយនៅឯកិច្ចប្រជុំកំពូលនោះថា ប្រទេសប៉ូឡូញបានរៀបចំកញ្ចប់ជំនួយថ្មីដ៏ «សំខាន់» មួយសម្រាប់អ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក Tusk បាននិយាយថា «ខ្ញុំនឹងប្រកាន់ខ្ជាប់នូវជំហរនេះយ៉ាងមុតមាំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរគំនិតរបស់ខ្ញុំបានទេថា ប៉ូឡូញត្រូវតែគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី… ប្រវត្តិសាស្ត្រមិនអាចបំបែកបំបាក់យើងទាក់ទងនឹងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះបានឡើយ»។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីជាមួយលោក Tusk នៅឯកិច្ចប្រជុំកំពូលនោះ លោក Zelensky បានថ្លែងអំណរគុណដល់ប៉ូឡូញសម្រាប់កញ្ចប់ជំនួយថ្មីនេះ។ លោកបានសរសេរនៅលើកម្មវិធី Telegram ថា «អ៊ុយក្រែន និងប៉ូឡូញ គឺជាអ្នកជិតខាង មិត្តភក្តិ និងដៃគូដ៏រឹងមាំ ហើយយើងមានសត្រូវរួមតែមួយ»៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា