លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើច្បាប់ដ៏ទូលំទូលាយមួយ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី និងប្រទេសដៃគូរកស៊ី ដែលជាការបើកផ្លូវឱ្យមានការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។

បើតាម straitstimes, ច្បាប់នេះកំណត់គោលដៅលើវិស័យថាមពល និង វិស័យការពារជាតិរបស់រុស្ស៊ី ក៏ដូចជា កងនាវាដឹកប្រេងសម្ងាត់ ដែលគេចវេះពីទណ្ឌកម្មកំពុងមានស្រាប់ ដើម្បីកាត់ផ្តាច់ប្រភពថវិកាដែលទីក្រុងមូស្គូប្រើប្រាស់សម្រាប់ចំណាយលើសង្គ្រាមជាមួយអ៊ុយក្រែន។

យ៉ាងណាមិញ អ្នករិះគន់លើកឡើងថា «ច្បាប់» ដែលក៏មានវិធានការដាក់ពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់រុស្ស៊ីផងដែរនោះ អាចបង្កបញ្ហាដល់ប្រទេសដទៃទៀត ប្រសិនបើពួកគេធ្លាក់ចូលក្នុងគោលដៅរបស់លោក Trump នៅពេលអនាគត។

មូលហេតុគឺតែដោយសារច្បាប់នេះផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពន្ធគយ ដែលអាចបន្តមានសុពលភាព ហួសពីអាណត្តិរបស់លោក Donald Trump ទៅទៀត។

សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន ត្រូវបានគេហៅថា «ច្បាប់ Lindsey O. Graham ស្តីពីការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ ឆ្នាំ ២០២៦»។

គេរៀបចំឡើងដើម្បីជាការគោរពដល់សពរបស់សមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ដែលបានទទួលមរណភាព កាលពីខែកក្កដា ហើយ បានអនុម័តដោយសភាតំណាងរាស្ត្រ កាលពីថ្ងៃពុធ និង ដោយព្រឹទ្ធសភា កាលពីខែមុន។

លោក Lindsey O. Graham សមាជិកគណបក្សសាធារណរដ្ឋ ដែលជាអ្នកមានជំហររឹងមាំប្រឆាំងនឹងរុស្ស៊ីជាយូរមកហើយនោះ គឺជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាចំពោះច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ីនេះ។

នៅមុនលោក ត្រាំ ចុះហត្ថលេខាជាផ្លូវការ, រុស្ស៊ីបានព្រមានថា ការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាព ជាមួយអ៊ុយក្រែន កាន់តែមានភាពស្មុគស្មាញ។ នេះបើតាមការលើកឡើងរបស់ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង កាលពិថ្ងៃពុធ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា