អូស្ត្រាលី ប្រកាសស្វែងរកអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខ UN ចាប់ពីឆ្នាំ២០២៩ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលី ប្រកាសស្វែងរកអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខ UN ចាប់ពីឆ្នាំ២០២៩

អូស្ត្រាលី ប្រកាសស្វែងរកអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខ UN ចាប់ពីឆ្នាំ២០២៩

ញូវយ៉ក ៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានថ្លែង នៅថ្ងៃចន្ទនេះថា ប្រទេសអូស្ត្រាលីនឹងដាក់សំណើដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហៅកាត់ UN ចាប់ពីឆ្នាំ ២០២៩ តទៅ។

លោក Albanese បានលើកឡើងថា ប្រសិនបើជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសន្តិសុខ, អូស្ត្រាលីនឹងមានឱកាសដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់ទម្រង់នៃប្រតិកម្មសកល ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ប្រជាជនអូស្ត្រាលី។

លោក Albanese បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំ របស់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិថា «អូស្ត្រាលីមានឥទ្ធិពលលើសពីទំហំ ឬ កម្រិតធម្មតារបស់ខ្លួន…ហើយយើងអាចបង្កើតឥទ្ធិពលលើពិភពលោកបាន ដែលនេះគឺជាអ្វីដែលខ្ញុំចង់ឃើញអូស្ត្រាលីធ្វើ»។

លោក Albanese បាននិយាយថា លោករំពឹងថា នឹងទទួលបាន «ការគាំទ្រយ៉ាងខ្លាំងក្លា» ពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និង តំបន់អាស៊ីអាគ្នេយ៍។

លោកបានបន្ថែមថា «ទំនាក់ទំនងដ៏រឹងមាំ របស់លោកជាមួយមេដឹកនាំពិភពលោកនឹងជួយដល់ការដាក់សំណើរបស់អូស្ត្រាលី»។

បើតាម straitstimes, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកមិនអចិន្ត្រៃយ៍ ចំនួន១០រូប ដោយក្នុងនោះ មានសមាជិកចំនួន ៥រូប ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ។

ប្រទេសហ្វាំងឡង់ គឺជាបេក្ខជនមួយទៀត រួមជាមួយ អូស្ត្រាលី សម្រាប់អាណត្តិឆ្នាំ ២០២៩-២០៣០ តំណាងឱ្យក្រុមប្រទេសអឺរ៉ុបខាងលិច និង ក្រុមផ្សេងទៀត ឬ Western European and Others Group។

ក្រុមប្រទេសអាស៊ី-ប៉ាស៊ីហ្វិក, អាហ្វ្រិក ព្រមទាំង អាមេរិកឡាទីន និងការ៉ាប៊ីន ក៏នឹងដាក់ស្នើបេក្ខជនរបស់ពួកគេផងដែរ។

សហរដ្ឋអាមេរិក, ចិន, បារាំង, រុស្ស៊ី និង អង់គ្លេស គឺជាសមាជិកអចិន្ត្រៃយ៍ ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា