ចិនប្រកាសផ្លូវការថា លោក Xi Jinping បំពេញទស្សនកិច្ចនៅអាមេរិក ខានស្អែកនេះ ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនប្រកាសផ្លូវការថា លោក Xi Jinping បំពេញទស្សនកិច្ចនៅអាមេរិក ខានស្អែកនេះ ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក»

ចិនប្រកាសផ្លូវការថា លោក Xi Jinping បំពេញទស្សនកិច្ចនៅអាមេរិក ខានស្អែកនេះ ដោយរបៀបវារៈផ្តោតលើ «សន្តិភាពពិភពលោក»

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការថា លោកប្រធានាធិបតី Xi Jinping
នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃពុធ ដល់ ថ្ងៃសុក្រ សប្តាហ៍នេះ ដោយរបៀបវារៈសំខាន់ គឺផ្តោតលើ «សន្តិភាពពិភពលោក»។

តាមរយៈសេចក្តីថ្លែងការណ៍, ក្រសួងការបរទេសចិនបានរៀបរាប់ថា «តបតាមការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald J. Trump, លោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា»។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងបន្ថែមថា «ប្រធានាធិបតី Xi នឹងផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ ជាមួយប្រធានាធិបតី Trump អំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជា សន្តិភាព និងការអភិវឌ្ឍពិភពលោក»។

លោក Guo បានមានប្រសាសន៍ទៀតថា «ការទូតកម្រិតប្រមុខរដ្ឋដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបាន ក្នុងការផ្តល់ការណែនាំជាយុទ្ធសាស្ត្រដល់ទំនាក់ទំនងចិន-អាមេរិក។ ប្រទេសចិននឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីកវិសាលភាពនៃទំនាក់ទំនងប្រកបដោយស្ថាបនា និងស្ថិរភាពយុទ្ធសាស្ត្រ រវាងចិននិងអាមេរិក ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំង គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក»។

លោក Guo បញ្ជាក់ដែរថា «ការផ្លាស់ប្តូរទស្សនកិច្ច រវាងប្រធានាធិបតីទាំងពីរ ក្នុងរយៈពេល កន្លះឆ្នាំនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ»។

បើតាម anadolu, លោក ស៊ី ទំនងជានឹងត្រូវបានទទួលស្វាគមន៍ដោយផ្ទាល់ ពីសំណាក់លោក ត្រាំ នៅឯព្រលាន្តយន្តហោះ ដែលជារឿងដ៏កម្រមួយ។

ប្រធានាធិបតីចិនរូបនេះត្រូវបានគេរំពឹងថា នឹងមានការអមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុននានា រួមទាំង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង ក្រុមហ៊ុនយក្សផ្នែកផលិតកម្មឆ្លាតវៃ Xiaomi ផងដែរ។

លោក ស៊ី បានបំពេញទស្សនកិច្ច នៅអាមេរិកចំនួន ៥ លើករួចមកហើយ ចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីចិន នៅឆ្នាំ២០១៣៕

ប្រភព៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា