អារ៉ាប៊ី សាអូឌីត ប្រកាសពីការលក់ប្រេងទៅឲ្យ អាស៊ី ជិត១០០លានបារ៉ែល ស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អារ៉ាប៊ី សាអូឌីត ប្រកាសពីការលក់ប្រេងទៅឲ្យ អាស៊ី ជិត១០០លានបារ៉ែល ស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ

អារ៉ាប៊ី សាអូឌីត ប្រកាសពីការលក់ប្រេងទៅឲ្យ អាស៊ី ជិត១០០លានបារ៉ែល ស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ

រីយ៉ាត ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានប្រកាសពីលក់ប្រេងជិត ១០០ លានបារ៉ែល ទៅកាន់តំបន់អាស៊ី ចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនមក ហើយ បរិមាណលក់ដែលស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុង១ថ្ងៃ យ៉ាងដូច្នេះ បានជួយកាត់បន្ថយហានិភ័យនៃការខ្វះខាតការផ្គត់ផ្គង់ នៅក្នុងប្លុកមួយនេះ។ នេះបើតាម ក្រុមពាណិជ្ជករ ដែលដឹងពីការទិញលក់ប្រេង បញ្ជាក់ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមពាណិជ្ជករ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារពួកគេមិនមានការអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រេងឆៅទាំងនេះ នឹងត្រូវដឹកជញ្ជូន នៅក្នុងខែតុលា និងខែវិច្ឆិកា ដោយឆ្លងកាត់ច្រកសមុទ្រ Hormuz។

ពួកគេបានបញ្ជាក់ថា ក្នុងចំណោមអ្នកទិញទាំងនោះរួមមាន រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋ និងឯកជនរបស់ចិន ក៏ដូចជា ក្រុមហ៊ុនកែច្នៃប្រេង នៅក្នុងប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។

បើតាម Businesstimes, សកម្មភាពលក់ដ៏ច្រើនខុសពីធម្មតានេះ មានបរិមាណស្មើនឹងតម្រូវការសរុបរបស់ពិភពលោក ក្នុងរយៈពេលប្រហែលមួយថ្ងៃ ហើយវាបង្ហាញពីការកើនឡើងជាងពីរដងនៃបរិមាណប្រេងដែលអារ៉ាប៊ីសាអូឌីតដឹកជញ្ជូនទៅអាស៊ី តាមរយៈច្រក Hormuz នាពេលថ្មីៗនេះ។

សកម្មភាពនេះកើតឡើង នៅពេលដែលបំពង់បង្ហូរប្រេងពីខាងកើតទៅខាងលិច East-West pipeline របស់ប្រទេសនេះ ដែលដឹកជញ្ជូនប្រេងទៅកាន់សមុទ្រក្រហម ដោយមិនចាំបាច់ឆ្លងកាត់ច្រក Hormuz នៅមិនទាន់ដំណើរការពេញលេញនៅឡើយទេ បន្ទាប់ពីត្រូវបានវាយប្រហារ កាលពីថ្ងៃទី ១០ ខែកញ្ញា។

ក្រុមហ៊ុន Saudi Aramco កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេងនេះឡើងវិញ ហើយមានគោលបំណងស្តារវាឱ្យដំណើរការបានល្អប្រសើរឡើងវិញ នៅថ្ងៃសៅរ៍ ទី ២៦ ខែកញ្ញា។

បញ្ហាទាក់ទងនឹងបំពង់បង្ហូរប្រេងនេះ បានបង្ខំឱ្យអារ៉ាប៊ីសាអូឌីតនាំចេញប្រេងកាន់តែច្រើនតាមរយៈច្រក Hormuz ដោយទិន្នន័យផ្កាយរណបបានបង្ហាញពីការកើនឡើងនៃការផ្ទុកប្រេងចេញពីឈូងសមុទ្រ Persian ក្នុងអំឡុងចុងសប្តាហ៍កន្លងទៅ។

ក្រុមពាណិជ្ជករបាននិយាយថា ចំណុចសំខាន់មួយគឺក្រុមហ៊ុន Aramco កំពុងផ្តល់ជូននូវសេវាកម្មគ្រប់គ្រងការដឹកជញ្ជូនប្រេងឆៅរហូតដល់ដៃអតិថិជននៅអាស៊ី។

យ៉ាងណាមិញ ក្រុមហ៊ុន Aramco បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ៕

ប្រភព ៖ Businesstimes, ប្រែសម្រូល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា