ហ៊ូធី គំរាមវាយ អាមេរិក តាមផ្លូវអាកាស និង លើផ្ទៃសមុទ្រ ដោយយកលំនាំតាមយុទ្ធវិធីធ្វើសង្គ្រាមរបស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ៊ូធី គំរាមវាយ អាមេរិក តាមផ្លូវអាកាស និង លើផ្ទៃសមុទ្រ ដោយយកលំនាំតាមយុទ្ធវិធីធ្វើសង្គ្រាមរបស់ អ៊ីរ៉ង់

ហ៊ូធី គំរាមវាយ អាមេរិក តាមផ្លូវអាកាស និង លើផ្ទៃសមុទ្រ ដោយយកលំនាំតាមយុទ្ធវិធីធ្វើសង្គ្រាមរបស់ អ៊ីរ៉ង់

បរទេស ៖ ក្រុមសកម្មប្រយុទ្ធ ហ៊ូធី ដ៏មានឥទ្ធិពលដែលកំពុងគ្រប់គ្រងលើប្រទេសយេម៉ែន បានប្រកាសគំរាមវាយប្រហារ ទៅលើសហរដ្ឋអាមេរិក ដោយយកគំរូតាមយុទ្ធវិធី ធ្វើសឹកសង្គ្រាមរបស់អ៊ីរ៉ង់ តាមរយៈការបាញ់កម្ទេចមូលដ្ឋានយោធា ទីក្រុងវ៉ាស៊ីនតោន នៅពាសពេញតំបន់មជ្ឈិមបូព៌ា ប្រសិនបើរដ្ឋបាល លោក ដូណាល់ ត្រាំ ហ៊ានតែលូកដៃចូលរួម នៅក្នុងប្រតិបត្តិការវាយប្រហាររបស់ ប្រទេស អារ៉ាប៊ី សាអូឌីត ប្រឆាំងមកលើក្រុម ដែលគេជឿថាមានអ៊ីរ៉ង់ជាខ្នងបង្អែកទាំងនេះ។

នេះបើតាមការបញ្ជាក់របស់លោក Abed Mohammed al-Thawr ទីប្រឹក្សាយោធាជាន់ខ្ពស់ ហ៊ូធី ហើយ ចេញផ្សាយដោយ Times Of Israel នៅថ្ងៃសុក្រនេះ។

លោក Thawr ទីប្រឹក្សាយោធាជាន់ខ្ពស់ ហ៊ូធី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមរបស់ខ្លួនមិនស្ទាក់ស្ទើរក្នុងការផ្លោងគ្រាប់ ទៅលើសហរដ្ឋអាមេរិកនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចូលជ្រៀតជ្រែកក្នុងជម្លោះ តាមរយៈការគាំទ្រដល់ទីក្រុងរីយ៉ាត ឬ ព្យាយាមមកបើកផ្លូវទឹកឡើងវិញ នៅឯច្រកសមុទ្រ Bab el-Mandeb។

លោករៀបរាប់ថា «បើ អាមេរិក គឃ្លើនប្រើប្រាស់កងនាវាចររបស់ខ្លួន ឬ ប៉ុនប៉ងដណ្តើមការគ្រប់គ្រងលើច្រក Bab el-Mandeb នោះវាគឺជាខ្សែបន្ទាត់ក្រហម ហើយ ជាហេតុនាំឲ្យយើងបើកការប្រយុទ្ធភ្លាម ហើយ ក្នុងករណី ទីក្រុងវ៉ាស៊ីនតោន ហ៊ានប្រថុយប្រថាន ក្នុងការគាំទ្រអារ៉ាប៊ី សាអូឌីត តាមរយៈការវាយប្រហារលើផ្លូវអាកាសទៀត នោះយើងក៏នឹងចាត់ទុកផលប្រយោជន៍ណាមួយរបស់អាមេរិកស្ថិតនៅជុំវិញយើងថា ជាគោលដៅដែលត្រូវតែវាយកម្ទេចចោល ដោយមិនលើកលែងជាដាច់ខាត»។

ទីប្រឹក្សាយោធាជាន់ខ្ពស់ ហ៊ូធី រូបនេះ បានបន្ថែមថា គ្នីគ្នារបស់ពួកគេនឹងឈានទៅដល់ការបិទច្រកសមុទ្រ Bab el-Mandeb ទាំងស្រុង មិនឲ្យនាវាអាមេរិកឆ្លងកាត់ សូម្បីតែ១គ្រឿងទៀតផង។

ការគំរាមទាំងនេះ បានធ្វើឡើង បន្ទាប់ពី CNN បានរាយការណ៍ថា យោធាអាមេរិក បានទៅលួចផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសអារ៉ាប៊ី សាអូឌីត សម្រាប់ការវាយប្រហារ ប៉ុន្តែ មិនបានចូលរួមដោយផ្ទាល់ ក្នុងការចូលរួមប្រយុទ្ធជាមួយក្រុម ហ៊ូធី នោះទេ ព្រោះ លោកប្រធានាធិបតី Donald Trump បានបដិសេធសំណើ មួយដងជាពីរដង របស់ទីក្រុងរីយ៉ាត ដែលទទូចសុំឲ្យអាមេរិកជួយច្បាំង។

រដ្ឋបាលអាមេរិកធ្លាប់បានត្រៀមខ្លួនម្តង កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនដែរ ដើម្បីបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមហ៊ូធី ប៉ុន្តែ លោក ត្រាំ បានសម្រេចចិត្តលុបចោលការវាយប្រហារតាមផ្លូវអាកាសនោះវិញ នៅនាទីចុងក្រោយ បើទោះបីជាកងទ័ពដាក់គ្រាប់បែកលើយន្តហោះ រួចជាស្រេច ក៏ដោយ។

បើតាម Times Of Israel, ក្រុម ហ៊ូធី បានដណ្តើមការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏តូចចង្អៀត ទៅកាន់សមុទ្រក្រហម ក្នុងខែកញ្ញានេះ។ ការបិទផ្លូវទឹក នៅច្រក Bab el-Mandeb យ៉ាងដូច្នេះ បានធ្វើឱ្យ អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក មានការរង្គោះរង្គើ ដោយសារតែប្រទេសនេះរងផលប៉ះពាល់រួចទៅហើយ ពីការគ្រប់គ្រងរបស់ អ៊ីរ៉ង់ លើច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្នែកមួយនៃជម្លោះ ជាមួយសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្រុម ហ៊ូធី អះអាងថា អារ៉ាប៊ី សាអូឌីត បានធ្វើការវាយប្រហាររាប់រយលើក នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងវិញ នៅក្នុងខែកក្កដា ដែលជាការបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ រយៈពេល ៤ ឆ្នាំ។

ជាក់ស្តែង ប្រព័ន្ធផ្សព្វផ្សាយ ហ៊ូធី បានរាយការណ៍ កាលពីថ្ងៃពុធថា ការបាញ់ផ្លោងគ្រាប់តាមផ្លូវអាកាសរបស់អារ៉ាប៊ី សាអូឌីត បានសម្លាប់មនុស្ស ១០ នាក់ និងធ្វើឱ្យ មនុស្ស១៤ នាក់ផ្សេងទៀតរងរបួស នៅក្នុងខេត្ត Taiz និង Al-Jawf ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយ៕

ប្រភព ៖ Times Of Israel, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា