ចិន សំងំសង់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរវែងជាងគេ អាចផ្ទុកយន្តហោះចម្បាំង ៩០ គ្រឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សំងំសង់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរវែងជាងគេ អាចផ្ទុកយន្តហោះចម្បាំង ៩០ គ្រឿង

ចិន សំងំសង់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរវែងជាងគេ អាចផ្ទុកយន្តហោះចម្បាំង ៩០ គ្រឿង

ប៉េកាំង ៖ មុនពេលការសាងសង់ត្រូវបានបញ្ចប់ នាវាផ្ទុកយន្តហោះទី៤ ឈ្មោះថា Type 004 បានក្លាយជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរមានប្រវែងខ្លួននាវាវែងជាងគេ ក្នុងកងនាវាជើងទឹករបស់ប្រទេសចិន ដែលអាចផ្ទុកយន្តហោះចម្បាំងរហូតដល់ ៩០ គ្រឿង។

យោងតាមការរាយការណ៍របស់ The War Zone ដែលវិភាគរូបភាពផ្កាយរណបពីក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Vantor និង Planet Labs ចេញផ្សាយកាលពីថ្ងៃទី២១ ខែសីហា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Type 004 កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅកំពង់ផែមួយកន្លែងរបស់ប្រទេសចិន។

ការវាស់វែងពីផ្កាយរណបបង្ហាញថា នាវា Type 004 នេះ នឹងមានប្រវែងចន្លោះពី ៣៣៦ ម៉ែត្រ ទៅ ៣៣៩ ម៉ែត្រ។ ប្រវែងនេះបានវ៉ាដាច់បន្តិចបន្តួច បើធៀបនឹងនាវាផ្ទុកយន្តហោះធំបំផុតរបស់សហរដ្ឋអាមេរិក គឺ USS Gerald R. Ford ដែលមានប្រវែងពី ៣៣៣ ម៉ែត្រ ទៅ ៣៣៧ ម៉ែត្រ។
ក្រុមអ្នកជំនាញយោធាប៉ាន់ស្មានថា ផ្ទៃនាវាដ៏ធំធេងនេះអាចអនុញ្ញាតឱ្យមហាយក្សចិន ដាក់ពង្រាយយន្តហោះចម្បាំងបានចន្លោះពី ៧៥ គ្រឿង ទៅ ៩០ គ្រឿង រួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ J-35 និងយន្តហោះព្រមានជាមុន KJ-600)។

ជាមួយនឹងសមត្ថភាពអាចផ្ទុកយន្តហោះចម្បាំងចំនួននេះ ត្រូវបានរំពឹងថា នឹងអាចប្រជែងដោយផ្ទាល់ជាមួយសមត្ថភាពផ្ទុកយន្តហោះចម្បាំងរបស់នាវាផ្ទុកយន្តហោះប្រភេទ Ford Class របស់សហរដ្ឋអាមេរិក។

បើតាម Interesting Engineering, លក្ខណៈសំណង់ និងបន្ទប់ម៉ាស៊ីនដែលរចនាឡើងជាច្រើនស្រទាប់ ធ្វើឱ្យអ្នកវិភាគជឿជាក់ខ្ពស់ថា នេះជានាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់ប្រទេសចិន។

ប្រភពដដែលអះអាងថា ដោយសារដំណើរការដោយថាមពលនុយក្លេអ៊ែរ វានឹងជួយឱ្យនាវាផ្ទុកយន្តហោះចម្បាំង Type 004 អាចធ្វើប្រតិបត្តិការលើមហាសមុទ្រឆ្ងាយៗបានរាប់សិបឆ្នាំ ដោយមិនបាច់ឈប់ចាក់ប្រេងឡើយ។

ការប្រើថាមពលនុយក្លេអ៊ែរទៀតសោត ក៏អាចផ្តល់ឱ្យនាវា Type 004 នូវសមត្ថភាពអាចផ្តល់ថាមពលអគ្គិសនីច្រើន សម្រាប់ប្រព័ន្ធសំខាន់ៗ ដូចជា រ៉ាដាទំនើប ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងកាតាបុលអេឡិចត្រូម៉ាញេទិក។

យ៉ាងណា កាលបរិច្ឆេទដាក់ឱ្យដំណើរការនាវា Type 004 និងការដាក់បញ្ចូលវាទៅក្នុងកងនាវាជើងទឹករំដោះប្រជាជនចិន នៅមិនទាន់ដឹងនៅឡើយទេ។

គួរបញ្ជាក់ថា នាវា Liaoning និង Shandong ដែលជានាវាផ្ទុកយន្តហោះពីរគ្រឿងដំបូងរបស់មហាយក្សចិន ប្រើផ្លូវឡើងផ្អៀងនៅក្បាលនាវា ដែលកំណត់ទម្ងន់យន្តហោះពេលហោះឡើង។ ចំណែកនាវា Fujian គឺជានាវាផ្ទុកយន្តហោះចិនដំបូងគេ ដែលប្រើកាតាបុលអេឡិចត្រូម៉ាញេទិក៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា