មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

មេ UN ជួបប្រធានាធិបតីអ៊ីរ៉ង់ ជជែកពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ

អ.ស.ប ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបពិភាក្សាគ្នា អំពីសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ ជាពិសេស ការឈានទៅបើកច្រក ហ័រមូស ឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UN នៅក្រោយជំនួប។

អំឡុងការជួបប្រជុំ នៅក្រៅមហាសន្និបាត UN នាពេលនោះ, អគ្គលេខាធិការអង្គការសហប្រជាជាតិ និង ភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយសង្គ្រាមនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា។

ប្រភពបញ្ជាក់ថា «អគ្គលេខាធិការបានសង្កត់ធ្ងន់លើភាពចាំបាច់ជាបន្ទាន់ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនា និងការចរចា ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ រួមទាំងសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz»។

លោក Guterres ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការ «គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត» ផងដែរ។

បើតាម anadolu,
ជំនួបដែលគេរៀបចំធ្វើ កាលពីថ្ងៃសុក្រ សប្តាហ៍មុន នាពេលនោះ បានកើតមានឡើង ស្របពេលដែលអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានដាក់ចេញនូវសំណើមួយដែលមានរយៈពេល ៧ ថ្ងៃ ដើម្បីបញ្ចប់អរិភាព និងបើកច្រកសមុទ្រដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រនេះឡើងវិញ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានថា សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈប្រទេសកាតា ហើយប្រសិនបើ «លក្ខខណ្ឌចាំបាច់នានាត្រូវបានបំពេញ» នោះច្រកសមុទ្រនេះនឹងត្រូវបានបើកឡើងវិញ ក្នុងរយៈពេល ៧ ថ្ងៃ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេហេរ៉ង់បានអះអាងថា បានសម្លាប់មនុស្សរាប់ពាន់នាក់។ ទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ ហើយបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់ថាមពល៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា