កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក

កូរ៉េខាងជើង ផលិតបានក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង ៧ ដង អាចបំបែកខែលសំណាញ់មេឃ អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងផលិតបានក្បាលគ្រាប់មីស៊ីលស៊េរីថ្មី ឈ្មោះថា Hwasong-11Ma-1មានល្បឿនលឿនជាងសំឡេង ៧.៣ ដង ដែលអាចបំបែកខែលសំណាញ់មេឃរបស់សហរដ្ឋអាមេរិកចំនួន ២ ប្រភេទ រួមមាន ប្រព័ន្ធខែលការពារដែនអាកាស Patriot និងTHAAD ។

បើតាម Defense Express, កូរ៉េខាងជើងបានអះអាងទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-11Ma-1 កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ ដោយវាអាចហោះជ្រែកមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ និងសម្រេចបានល្បឿនលឿនជាងសំឡេង ៧.៣ ដង នៅរយៈកម្ពស់ជិត ៣៦ គីឡូម៉ែត្រ ។

ការបាញ់សាកល្បងនេះ ត្រូវបានរាយការណ៍ថា ធ្វើឡើងនៅតំបន់ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងជើង ហើយមីស៊ីលបានហោះបោះពួយសំដៅទៅទិសឦសាន តាមបណ្តោយតំបន់ឆ្នេររបស់កូរ៉េខាងជើង និងរុស្ស៊ី ។

ការធ្វើតេស្តនេះដែរ ធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីរបស់គាត់ ។ នៅពេលនោះ អេក្រង់ទូរស្សន៍មួយ បានបង្ហាញថា មីស៊ីលនេះ ពិតជាអាចហោះទម្លុះផ្ទៃមេឃក្នុងចម្ងាយជាង ៩០៩ គីឡូម៉ែត្រ ក្នុងល្បឿនប្រហែល ២,១៤៤ ម៉ែត្រក្នុងមួយវិនាទី ឬស្មើនឹងប្រមាណ ៧,៧១៨ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ហើយអ្វីដែលផ្ទុះការចាប់អារម្មណ៍នោះ គឺគន្លងហោះហើររបស់មីស៊ីល Hwasong-11Ma-1 គឺមានលក្ខណៈដូចរលក និងអាចរក្សារយៈកម្ពស់សឹងតែថេររហូត ។

ជាមួយនឹងលក្ខណៈបែបនេះ ត្រូវបានអ្នកជំនាញជឿថា ទំនងជាមានសមត្ថភាពស្រដៀងទៅនឹងប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ hypersonic glider ។

មីស៊ីលប្រភេទនេះ អាចធ្វើចលនានៅរយៈកម្ពស់ខ្ពស់ និងផ្លាស់ប្តូរគន្លងហោះហើរ ដែលធ្វើឱ្យការតាមដាន និងស្ទាក់ចាប់បំផ្លាញកាន់តែពិបាកខ្លាំងឡើង សម្រាប់សំណាញ់មេឃទំនើបៗសព្វថ្ងៃ ។

ប្រភពដដែលឱ្យដឹងទៀតថា មីស៊ីល Hwasong-11Ma-1 ត្រូវបានធ្វើទំនើបកម្មពីមីស៊ីលស៊េរីចាស់ Hwasong-11Ma ដែលកូរ៉េខាងជើងបានបង្ហាញកាលពីឆ្នាំ២០២៥ ។ ការកែលម្អថ្មីនេះ មិនត្រឹមតែផ្តោតលើល្បឿនហោះហើរលឿនជាងសំឡេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើប្រព័ន្ធបាញ់មីស៊ីលផងដែរ ។

យោងតាមរូបភាពដែលបានផ្សព្វផ្សាយ, រថយន្តបាញ់ថ្មីមានកង់ចំនួន ៦ គូ ឬស្មើនឹង ១២ កង់ បើធៀបនឹងពីមុនមានត្រឹមតែចំនួន ៥ គូ ឬស្មើនឹង ១០ កង់ ។ ទីតាំងដាក់មីស៊ីល ក៏ត្រូវបានបំពាក់ដោយប្រអប់ដែកពិសេស ដែលត្រូវបានគេវាយតម្លៃថា អាចមានគោលបំណងការពារផ្នែកជំរុញដើរដោយថាមពលឥន្ធនៈរាវ ពីការខូចខាតនៅពេលបាញ់មីស៊ីលម្តងៗ ។

នៅថ្ងៃដដែល កូរ៉េខាងជើង ក៏បានត្រូវបានរាយការណ៍ផងដែរថា ធ្វើបាញ់សាកល្បងមីស៊ីលផ្លោង ដែលទើបធ្វើទំនើបកម្មថ្មី ឈ្មោះថា KN-23 ។

ប្រភពបញ្ជាក់ថា មីស៊ីលផ្លោងថ្មីនេះ អាចហោះជ្រែកមេឃនៅរយៈកម្ពស់ពី ៦០ ទៅ ៧០ គីឡូម៉ែត្រ ហើយវាត្រូវបានគេរំពឹងថា នឹងអាចបង្កជាបញ្ហាប្រឈមផ្សេងទៀត សម្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃទំនើបៗបច្ចុប្បន្ន ៕

ប្រភព ៖ Defense Express ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា