កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន

កូរ៉េខាងត្បូង ថា លោក Zelensky ទម្លាយរឿងឈ្លើយសឹក កូរ៉េខាងជើង ដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលរូតរះផ្តល់អាវុធដល់ អ៊ុយក្រែន

សេអ៊ូល ៖ ហេតុផលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រេចចិត្តទម្លាយព័ត៌មានអំពីការចាប់បញ្ជូនឈ្លើយសឹក កូរ៉េខាងជើង ឲ្យទៅកូរ៉េខាងត្បូង គឺដើម្បីបានលេសឲ្យទីក្រុងសេអ៊ូលផ្ដល់គ្រឿងសព្វាវុធមកឲ្យអ៊ុយក្រែនទុកបន្តធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើតាមការអះអាងពីសមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ។

លោក Yoo Yeong-ha សមាជិកសភាកូរ៉េខាងត្បូងនិយាយថា ដំណឹងអំពីការបញ្ជូនទាហានកូរ៉េខាងជើង ២ នាក់ ឲ្យទៅកូរ៉េខាងត្បូងនេះ អាចបង្កើតការគាំទ្រពីសាធារណជនទីក្រុងសេអ៊ូល សម្រាប់ការផ្តល់អាវុធធន់ធ្ងន់ និង ជំនួយផ្សេងៗទៀត ដល់ទីក្រុងកៀវ ។

លោក Yoo Yeong-ha បញ្ជាក់ថា អ្នកទោសសឹកទាំង ២ នាក់ត្រូវបានបញ្ជូនចេញពីអ៊ុយក្រែន ទៅដល់កូរ៉េខាងត្បូង នៅពាក់កណ្តាលខែកញ្ញានេះ ដោយគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ។

បើតាម AFP, លោក Zelensky បានទម្លាយព័ត៌មាននេះ នៅអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន។ នៅប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងរបស់លោក Zelensky, ទីក្រុងសេអ៊ូលបានបង្ហាញពីការមិនពេញចិត្តជាខ្លាំង ដោយថែមទាំងកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកូរ៉េខាងត្បូង មកសួរនាំទៀតផង។

ជម្លោះលើរឿងនេះបានបង្កជាភាពស្មុគស្មាញដល់សំណើ របស់ទីក្រុងគៀវ ដែលស្នើសុំឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់សព្វាវុធ ។ ជាក់ស្តែង កូរ៉េខាងត្បូងមិនទាន់បានសម្រេចចិត្តផ្តល់អាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់អ៊ុយក្រែននៅឡើយទេ ដោយលើកឡើងពីបម្រាមក្នុងស្រុក មិនអាចផ្តល់ជំនួយផ្នែកយោធាកម្រិតនេះ ដល់ប្រទេសដែលកំពុងស្ថិតក្នុងសង្គ្រាម ។

យ៉ាងណា កូរ៉េខាងត្បូងកំពុងពិចារណាលើសំណើសុំអាវុធធន់ធ្ងន់ទាំងនេះ សម្រាប់ការពារខ្លួន ជាពិសេស ចាប់តាំងពីពេលដែល កូរ៉េខាងជើង បានបញ្ជូនកងទ័ពរាប់សែននាក់ទៅជួយរុស្ស៊ីធ្វើសឹកសង្គ្រាម ជាមួយអ៊ុយក្រែន ៕

ប្រភព ៖ AFP, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា