ចិន ជំរុញ ជប៉ុន បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញ ជប៉ុន បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ

ចិន ជំរុញ ជប៉ុន បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំង និងជម្រុញឱ្យប្រទេសជប៉ុនគោរពតាមកាតព្វកិច្ច នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ក៏ដូចជាបោះបង់ចោលរាល់ការប៉ុនប៉ងពង្រឹងកងទ័ពឡើងវិញ និងមហិច្ឆតាចង់បានអាវុធនុយក្លេអ៊ែរ។

ការថ្កោលទោសរបស់ចិន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានលើកឡើងថា ការពិភាក្សាអំពីការបំពាក់អាវុធនុយក្លេអ៊ែរ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ជប៉ុន គួរតែត្រូវបានធ្វើឡើងដោយ “គ្មានការហាមឃាត់”។

បើតាម China Daily, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gou Jiakun អះអាងថា ការលើកឡើងដោយមិនគិតគូរឱ្យបានល្អិតល្អន់របស់ប្រមុខការពារជាតិជប៉ុនរូបនេះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរ និងជាការរំលោភបំពានយ៉ាងចំហទៅលើសន្ធិសញ្ញា NPT និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី ២។

លោកបន្ថែមថា ការលើកឡើងទាំងនោះ បង្ហាញពីការងាកចេញយ៉ាងខ្លាំងពី “គោលការណ៍មិននុយក្លេអ៊ែរទាំង៣” ដែលជប៉ុនអះអាងថា ខ្លួនប្រកាន់ខ្ជាប់ ហើយវាក៏បានលាតត្រដាងម្តងទៀតនូវមហិច្ឆតានុយក្លេអ៊ែររបស់ក្រុមនយោបាយស្តាំនិយមនៅក្នុងប្រទេសជប៉ុន។

លោកសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែជំរុញឱ្យជប៉ុនគោរពតាមគោលការណ៍ពាក់ព័ន្ធ, បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា NPT, បោះបង់ចោលការប៉ុនប៉ង “យោធានិយមឡើងវិញ” និងការទទួលបានអាវុធនុយក្លេអ៊ែរ ព្រមទាំងឆ្លើយតបយ៉ាងម៉ត់ចត់ ចំពោះទុក្ខកង្វល់ដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា