ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ

ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកិច្ចប្រជុំពិភាក្សាផ្លូវការមួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីចំនួន ៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី ករណីវិវាទទាំង ៣ទីតាំង ដែលអង្គប្រជុំបានយកមកពិនិត្យ និងពិភាក្សារួមាន៖
១. វិវាទដីធ្លីក្នុងប្លុកទីតាំងដីទំហំ ៥៧,៥១ ហិកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
២. វិវាទដីធ្លីលើដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៤៧បណ្ណ មានទំហំ ១៧៦,៩ ហិកតា ស្ថិតក្នុងភូមិគីរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
៣. វិវាទដីធ្លីក្នុងប្លុកដីទំហំប្រមាណ ១.១៣៧,៦៣ ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលពាក់ព័ន្ធនឹងបណ្តឹងជំទាស់ របស់ឈ្មោះ រតនៈ សម្បត្តិ លើផ្ទៃដីសរុប ៦៣០,១៩ ហិកតា ។

ជាលទ្ធផល ក្រោមស្មារតីផ្សះផ្សារ បង្រួបបង្រួម និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមរយៈវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រេចសម្របសម្រួលដោះស្រាយបញ្ចប់សំណុំរឿងទាំងនោះតាម គោលការណ៍ឈ្នះ-ឈ្នះ ។

ដំណោះស្រាយនេះ តម្រូវឱ្យគ្រប់ភាគីចូលរួមសហការ ប្តូរទីតាំង បន្ថយទំហំ និងរួមគ្នារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្មទំនើប ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ក្នុងទិសដៅប្រែក្លាយទីតាំងដីមានទំនាស់ទាំងនោះ ឱ្យទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ភូមិឋានក្សេមក្សាន្ត មានសណ្តាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។ ស្ថានភាពនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលជាទ្រនំសុភមង្គល និងជាកេរ្តិ៍មរតកនៃក្តីសង្ឃឹមសម្រាប់កូនចៅតជំនាន់រៀងៗខ្លួន ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា