អ៊ុយក្រែន ថា មីស៊ីល Flamingo ធ្វើឱ្យទឹកដី រុស្ស៊ី ទាំងមូលលែងមានសុវត្ថិភាពទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា មីស៊ីល Flamingo ធ្វើឱ្យទឹកដី រុស្ស៊ី ទាំងមូលលែងមានសុវត្ថិភាពទៀតហើយ

អ៊ុយក្រែន ថា មីស៊ីល Flamingo ធ្វើឱ្យទឹកដី រុស្ស៊ី ទាំងមូលលែងមានសុវត្ថិភាពទៀតហើយ

កៀវ ៖ មេធំក្រុមហ៊ុនការពារជាតិរបស់អ៊ុយក្រែនបានព្រមានកាលពីថ្ងៃពុធថា មីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo កំពុងធ្វើឱ្យទឹកដីទាំងមូលរបស់ប្រទេសរុស្ស៊ី លែងមានសុវត្ថិភាពទៀតហើយ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធលាក់កំបាំង ដែលកំពុងជំរុញម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូតែម្ដង ។

បើតាម The Guardian, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។

មីស៊ីល Flamingo មានតម្លៃក្រោម ៦០ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ធូរថ្លៃជាងមីស៊ីល Tomahawk ដល់ទៅ ៦ ដង ពោលមីស៊ីលរបស់អាមេរិកមួយនេះមានតម្លៃរហូតដល់ ៣ លាន ៥ សែនដុល្លារឯណោះនៅក្នុងមួយគ្រាប់ ។

មីស៊ីលដ៏កំណាចនេះ ត្រូវបានកងទ័ពអ៊ុយក្រែនយកទៅវាយប្រហារសាកល្បង និងប្រតិបត្តិការជាក់ស្តែងជាច្រើនលើក លើរោងចក្រផលិតអាវុធយោធា ឃ្លាំងរំសេវ និងរោងចក្រចម្រាញ់ប្រេងធំៗដែលនៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ខណៈការវាយប្រហារទាំងនេះ បានកាត់បន្ថយទិន្នផលប្រេងរបស់រុស្ស៊ីរហូតដល់ ២០% ។

លោកស្រី Iryna Terekh នាយកប្រតិបត្តិក្រុមហ៊ុនការពារជាតិអ៊ុយក្រែន FirePoint និយាយថា មីស៊ីល Flamingo ត្រូវបានរចនាឡើងជាពិសេសសម្រាប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ដែលមានការការពារខ្ពស់ និងស្ថិតនៅឆ្ងាយពីព្រំដែនអ៊ុយក្រែន ជាពិសេសរោងចក្រ ឬទីតាំងសំណង់បេតុងរឹងមាំ ដែលមានតាំងតែពីសម័យសូវៀត និងត្រូវបានប្រើប្រាស់សម្រាប់គាំទ្រម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី ។

លោកស្រីបង្ហើបថា ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពផលិតទាំងយន្តហោះដ្រូន និងមីស៊ីលជាបន្តបន្ទាប់ ។ លោកស្រីថា ការផលិតមីស៊ីលស្ទាក់ចាប់ពី ៦០០ ទៅ ៧០០គ្រាប់ក្នុងមួយឆ្នាំ មិនគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរស្ថានការណ៍សន្តិសុខឡើយ ដូច្នេះត្រូវទាមទារឱ្យពន្លឿនការផលិតឱ្យបានក្នុងចំនួនរាប់ពាន់គ្រាប់ក្នុងមួយឆ្នាំ ។

ក្រៅពីការផលិតមីស៊ីលស្ទាក់ចាប់ លោកស្រីក៏បានឱ្យដឹងដែរថា ការសាកល្បងប្រយុទ្ធលើកដំបូងនៃសំណាញ់មេឃ Freyja របស់អ៊ុយក្រែន គ្រោងចាប់ផ្តើមដណើរការនៅពាក់កណ្តាលឆ្នាំ ២០២៧ ខាងមុខនេះផងដែរ ៕

ប្រភព ៖ The Guardian និង Ukrinform ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា