កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយ ១ពាន់គីឡូម៉ែត្រ ក្រោយផ្ទុះមីននៅព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយ ១ពាន់គីឡូម៉ែត្រ ក្រោយផ្ទុះមីននៅព្រំដែន

កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយ ១ពាន់គីឡូម៉ែត្រ ក្រោយផ្ទុះមីននៅព្រំដែន

ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចម្ងាយ១ពាន់គីឡូម៉ែត្រ ក្រោមការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំ លោក គីម ជុងអ៊ុន។ ការសាកអាវុធធន់ធ្ងន់នេះ បានធ្វើឡើង ស្របពេលដែលភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ បានកើនឡើងជាថ្មី ពោលគឺការផ្ទុះមីននៅតំបន់ព្រំដែន ជាមួយកូរ៉េខាងត្បូង។

KCNA បានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ចេញកាលពីថ្ងៃសៅរ៍ ផ្លោងពីតំបន់ភាគខាងកើត ហើយបានបុកចំគោលដៅ នៅឯតំបន់ឆ្នេរសមុទ្រភាគខាងកើត កូរ៉េខាងជើង។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា សមយុទ្ធនេះមានគោលបំណងហ្វឹកហ្វឺនកងទ័ពដែលប្រតិបត្តិការប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទល្បឿនលឿនជាងសំឡេង ឬ hypersonic និងដើម្បីវាយតម្លៃលើភាពអាចជឿជាក់បាន, ប្រសិទ្ធភាព និងសមត្ថភាពចល័តនៃប្រព័ន្ធទប់ស្កាត់ការវាយប្រហារ ឬ war deterrent របស់ប្រទេស។

ក្នុងពេលចុះពិនិត្យដោយផ្ទាល់, លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ទីក្រុងព្យុងយ៉ាងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសត្រូវទទួលស្គាល់ពីភាពអាចជឿជាក់បាន និងអានុភាពបំផ្លិចបំផ្លាញដ៏សាហាវ នៃអាវុធវាយលុកយុទ្ធសាស្ត្ររបស់ខ្លួន ហើយលោកបានបញ្ជាក់ឡើងវិញថា ការអភិវឌ្ឍសមត្ថភាពទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នៅតែជាកត្តាសំខាន់សម្រាប់សន្តិសុខជាតិ។

លោកស្រី គីម យ៉ូជុង ជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករដែលកំពុងកាន់អំណាច លើកឡើងដែរថា កូរ៉េខាងត្បូង និងជប៉ុន បានបរាជ័យក្នុងការតាមដានគន្លងហោះហើររបស់អាវុធប្រភេទនេះ ដោយលោកស្រីអះអាងថា របៀបហោះហើរពិសេសដែលមានលក្ខណៈដូចរលក ឬ wave-like trajectory mode បានបង្ហាញឱ្យឃើញពីកម្រិតកំណត់នៃសមត្ថភាពតាមដានរបស់ប្រទេសទាំងពីរ។

យោធាកូរ៉េខាងត្បូងបានចេញមកបញ្ជាក់ កាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញការបាញ់មីស៊ីលផ្លោង ឬ ballistic missile ដោយកូរ៉េខាងជើង ហើយបានវាយតម្លៃថា មីស៊ីលនោះបានហោះហើរក្នុងចម្ងាយជាង ៧០០ គីឡូម៉ែត្រឆ្ពោះទៅកាន់សមុទ្រ នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

បើតាម straitstimes, ការបាញ់សាកល្បងនេះគឺជាព្រឹត្តិការណ៍ចុងក្រោយគេ នៅក្នុងស៊េរីនៃការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ ហើយវាបានកើតឡើងស្របពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងកើនឡើង បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅក្នុងតំបន់គ្មានយោធា ឬ DMZ កាលពីខែមុន ដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូងមួយចំនួនរងរបួស៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា