អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន

អាល្លឺម៉ង់ ផ្តល់ជំនួយយោធា ១,១២ ពាន់លានដុល្លារដល់ អ៊ុយក្រែន

កៀវ ៖ ប្រទេសអាល្លឺម៉ង់បានប្រកាសផ្តល់ជំនួយយោធាជាង ១,១២ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ព្រមទាំងជំនួយបន្ថែមជាង ៣៩៤ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។ នេះបើតាមកាសែត militarnyi ចេញផ្សាយថ្ងៃអាទិត្យ។

កញ្ចប់ជំនួយថ្មីនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មកបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

លោក Merz និយាយថា អ៊ុយក្រែនត្រូវការការគាំទ្រទាំងអស់ ដែលសម្ព័ន្ធមិត្តអាចផ្តល់ឱ្យក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកព្រមានថា ប្រសិនបើរុស្ស៊ីមិនត្រូវបានបញ្ឈប់ទេ ម៉ាស៊ីនសង្គ្រាមរបស់ទីក្រុងមូស្គូអាចនឹងបង្កការគំរាមកំហែងដល់ប្រទេសផ្សេងទៀតនៅពេលអនាគត។

កញ្ចប់ជំនួយថ្មីនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ជាពិសេសប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងការបង្កើនសមត្ថភាពវាយប្រហារលើគោលដៅយោធារបស់សត្រូវ។

អាទិភាពសំខាន់មួយ គឺការផលិតដ្រូនស្ទាក់ចាប់ និងបំផ្លាញដ្រូនវាយប្រហាររបស់រុស្ស៊ី ជាពិសេសប្រភេទដ្រូនប្រើម៉ាស៊ីនប្រតិកម្ម ឬ Jet Power និងមានល្បឿនលឿន ដែលបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាសអ៊ុយក្រែន។

ក្រៅពីការផ្តល់ជំនួយ, អាល្លឺម៉ង់ និងអ៊ុយក្រែនក៏កំពុងជំរុញកិច្ចព្រមព្រៀងសហការផលិតដ្រូន មីស៊ីល និងកម្មវិធីបច្ចេកវិទ្យាពាក់ព័ន្ធនឹងអាវុធផងដែរ។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការអភិវឌ្ឍ និងផលិតអាវុធមានរយៈចម្ងាយលើសពី ១.០០០ គីឡូម៉ែត្រ ដែលអ៊ុយក្រែនអាចប្រើប្រាស់ដើម្បីវាយប្រហារគោលដៅនៅជ្រៅក្នុងទឹកដីរុស្ស៊ី។

ប្រភពដដែលឱ្យដឹងទៀតថា អាល្លឺម៉ង់គ្រោងផ្តល់កញ្ចប់ថវិកាជំនួយដល់អ៊ុយក្រែនសរុបប្រមាណ ១២,៩ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៦ ខណៈឆ្នាំ ២០២៧ អាល្លឺម៉ង់នឹងបង្កើនរហូតច្រើនជាង ១៣,១ ពាន់លានដុល្លារ នេះបើតាមសេចក្តីព្រាងថវិកាបឋម៕

ប្រភព ៖ militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា