អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់

អាមេរិក ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវាលើកដំបូងក្បែរកោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ យោធាអាមេរិកត្រៀមដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS នៅលើកោះយ៉ូណាគូនី របស់ប្រទេសជប៉ុន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់បំផុតលើកដំបូង ក្នុងអំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលគ្រោងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៦។

ប្រព័ន្ធ NMESIS គឺជាប្រព័ន្ធមីស៊ីលប្រឆាំងនាវា ដែលដាក់ពង្រាយលើដីគោក និងអាចផ្លាស់ទីបាន។ ប្រព័ន្ធនេះរចនាឡើងសម្រាប់ប្រតិបត្តិការនៅតំបន់ឆ្នេរ និងកោះ ដើម្បីរារាំងនាវាសត្រូវមិនឱ្យចូលប្រើប្រាស់តំបន់សមុទ្រសំខាន់ៗ។

ប្រព័ន្ធមីស៊ីលនេះ ប្រើឧបករណ៍បាញ់មីស៊ីលដែលបំពាក់លើរថយន្ត និងប្រើប្រាស់គ្រាប់មីស៊ីល NSM ដែលអាចបាញ់បានចម្ងាយលើសពី ១៨៥ គីឡូម៉ែត្រ។

សមត្ថភាពនេះ អាចជួយឱ្យយោធាអាមេរិកគំរាមកំហែងដល់នាវា ដែលប្រតិបត្តិការនៅតំបន់ដែនសមុទ្រជុំវិញកោះយ៉ូណាគូនី របស់ជប៉ុន និងតំបន់មួយចំនួននៅជិតកោះតៃវ៉ាន់។

បើតាម Interesting Engineering, ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះលើកោះយ៉ូណាគូនី ស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃសមយុទ្ធ «Keen Sword» ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលាខាងមុខ។

ទន្ទឹមគ្នា កងទ័ពជប៉ុនក៏អាចនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួននៅលើកោះយ៉ូណាគូនី ផងដែរ។ កោះនេះមានមូលដ្ឋានកងកម្លាំងស្វ័យការពារជើងគោកជប៉ុនតាំងពីឆ្នាំ ២០១៦។

ការពង្រឹងកម្លាំងយោធានៅតាមបណ្តាកោះរបស់ជប៉ុននេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនសមត្ថភាពរារាំងសត្រូវ នៅតាម «ខ្សែសង្វាក់កោះទីមួយ» ដែលលាតសន្ធឹងពីប្រទេសជប៉ុន កាត់តាមកោះតៃវ៉ាន់ រហូតដល់ប្រទេសហ្វីលីពីន។

យុទ្ធសាស្ត្រនេះ មានគោលបំណងបង្កើនសមត្ថភាពតាមដាន និងរារាំងកងកម្លាំងនាវាចររបស់សត្រូវ ព្រមទាំងធ្វើឱ្យការធ្វើប្រតិបត្តិការយោធានៅតំបន់នេះ កាន់តែមានការលំបាក ប្រសិនបើមានជម្លោះកើតឡើង៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា